ឆ្នាំ២០២៥ ខាងមុខនេះ គឺជាខួបគម្រប់ ៨០ឆ្នាំ របស់អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ និងគម្រប់ខួប ៧៥ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកនៃអង្គការ (FAO)

(ភ្នំពេញ)៖ ក្នុងឱកាសសម្ពោធបើកដំណើរការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល៥ឆ្នាំ ស្តីពី “Country Programming Framework (CPF 2024-2028)” របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួងកសិកម្ម កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៥ ខាងមុខនេះគឺជាគម្រប់ខួប ៨០ឆ្នាំនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងគម្រប់ខួប ៧៥ឆ្នាំដែលកម្ពុជាបានចូលជាសមាជិកនៃអង្គការ (FAO) ផងដែរ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយចំពោះលោកស្រី Mina Dowlatchahi នាយិកាទទួលបន្ទុកភាពជាដៃគូនៃអង្គការ (FAO) ប្រចាំទីក្រុងរ៉ូម និងលោកស្រី Rebekah Bell នាយិកានៃអង្គការ (FAO) ប្រចាំកម្ពុជា ដែលបានអញ្ជើញ ចូលរួមកម្មវិធីនាថ្ងៃនេះ និងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងភាគីពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលជាដៃគូសហប្រតិបត្តិការពេញលេញ និងមានសារៈសំខាន់ក្នុងការគិតគូរពីវិស័យស្បៀង និងកសិកម្មប្រកបដោយប្រសិទ្ធភាព និងមានភាពម្ចាស់ការពិតប្រាកដ ។

ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលជានិច្ចជាកាលបានផ្តល់ការគាំទ្រ និងសហការជាមួយគ្នាសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យកសិកម្មកម្ពុជា។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត ដែលជាការអភិវឌ្ឍកសិកម្ម ដោយគិតគូរច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ និងស្របតាមបរិបទនាពេលបច្ចុប្បន្ន។

ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍនានា ចូលរួមសហការជាមួយក្រសួងកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង ការផ្តល់អាហារូបត្ថម្ភ ផ្តល់ផលចំណេញសេដ្ឋកិច្ចដល់ប្រជាកសិករ កាត់បន្ថយថ្លៃដើមផលិត ការការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន សំដៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានភាពបន្ស៊ីគ្នាជាមួយគោលដៅរបស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ads banner