វិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល ៥ឆ្នាំរវាងអង្គការ FAO និងក្រសួងកសិកម្ម នៅទីស្តីការក្រសួង នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ FAO នាពេលបច្ចុប្បន្ន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងពីកម្មវិធីការអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដែលបានសហការយ៉ាងជិតស្និតជាមួយអង្គការ FAO ក្នុងការប្រារព្ធក្នុងឆ្នាំ២០២៥ ខាងមុខនេះដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕
ប្រភព ៖ ក្រសួងកសិកម្ម