សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការ សន្ទានារវាងជប៉ុន និងចិន លើការវិវឌ្ឍស្ថានភាព នៅក្នុងតំបន់

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន សន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បញ្ជាក់ថា កម្ពុជា លើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើន រវាង ជប៉ុន និងចិន លើការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ។

ឯកឧត្តម Akiba Takeo បានសម្តែង នូវក្តីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង បន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។

ឯកឧត្តម បានជម្រាបជូន សម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្ត សន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើង ដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះ ក៏នឹងផ្តោតទៅលើការពង្រឹង កិច្ចសន្ទនាស្ថាបនា ជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជា ប្រទេសចិនជាដើម។

ឯកឧត្តម បានលើកឡើងពីការ ប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ក៏ដូចជា ជាមួយអាស៊ាន និងបណ្តាប្រទេស មហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងតំបន់។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងអរគុណជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជា ទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថា ជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជា ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។

សម្តេចតេជោ បានបញ្ជាក់អំពីតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។ ការពិនិត្យឡើងវិញ នូវយុទ្ធសាស្រ្តសន្តិសុខជាតិ របស់ជប៉ុន ក៏មិនខុសគ្នាអំពីទស្សនទាន របស់កម្ពុជាដែរ ពោល គឺប្រទេសទាំងពីរ មានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។

សម្តេច សង្កត់ធ្ងន់ថា បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ។

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានបញ្ជូនកងស្វ័យការពារជប៉ុន (JSDF) ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) អង្គការសហប្រជាជាតិ នៅកម្ពុជានៅឆ្នាំ១៩៩២ ដែលកាលនោះ សម្តេចតេជោ បានចេញមុខគាំទ្រ ទោះបីជាទទួលរងនូវការទិតៀនពីមជ្ឈដ្ឋាន និងពីប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ ។

សម្តេចតេជោ បន្តថា ទំនាក់ទំនង នៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក ក៏មានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះ បានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សម្តេច ថា កម្ពុជា នឹងអនុញ្ញាតឱ្យនាវាជប៉ុន ចូលចតមុនគេ នៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ដោយសង្កេតឃើញថា ប្រទេសក្នុងតំបន់ បានចាត់ទុកជប៉ុន ជាដៃគូល្អ និងបានគិតគូរ អំពីផលប្រយោជន៍របស់ប្រទេសនានា រួមទាំងការគោរពនូវមជ្ឈភាពអាស៊ាន។

សម្តេចតេជោ បានលើកឡើងអំពីការគាំទ្ររបស់កម្ពុជា ចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។ ដោយសង្កេតឃើញថា មានប្រទេសជាច្រើន បានដាក់ចេញនូវយុទ្ធសាស្រ្ត ឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមផ្សេងៗ មកក្នុងតំបន់នោះ កម្ពុជា នឹងគាំទ្រ នូវរាល់យុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមនានា ឱ្យតែយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមទាំងនោះ ផ្អែកទៅលើគោលការណ៍៣ នោះគឺ៖ (១) បម្រើឱ្យសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា (២) មិនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និង (៣) ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។

កម្ពុជា មានឯករាជ្យភាព ក្នុងការសម្រេចចិត្តនយោបាយ នៅក្នុងទំនាក់ទំនងអន្តរជាតិ ។ ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដែលកាន់តែមានភាពតានតឹងនោះ សម្តេចតេជោ បានធ្វើការវាយតម្លៃថា ឫសគល់នៃបញ្ហា គឺកើតឡើង មកពីការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុល របស់ប្រទេសខាងក្រៅ ទៅក្នុងកិច្ចការតំបន់។ ការណ៍នេះ បានធ្វើឱ្យប្រទេសនីមួយៗ ខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ដែលបណ្តាលឱ្យមានការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។ ហើយ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើននូវការជឿទុកចិត្តគ្នា ទៅវិញទៅមក ។

សម្តេចតេជោ និងឯកឧត្តម អាគីបា តាខេអូ ក៏បានពិភាក្សា និងចែករំលែកទស្សនៈគ្នា អំពីបញ្ហាអន្តរជាតិផ្សេងៗ ដូចជា ករណីសង្គ្រាម រវាងរុស្សី និងអ៊ុយក្រែនផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ​ និងវ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner