ទីប្រឹក្សាសន្តិសុខជាតិជប៉ុនវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា។ កម្ពុជាជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ការវាយតម្លៃរបស់ទីប្រឹក្សាសន្តិសុខជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមទីប្រឹក្សា ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតីថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ស្របតាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ជប៉ុនដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា,ការស្ដារ និងកសាងប្រទេសឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ពិសេសភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ។ សម្ដេចធិបតី និងឯកឧត្តមទីប្រឹក្សាក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានសារៈសំខាន់ដល់សន្តិភាព, ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត



