សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានា​យ៉ាង​ពេញលេញ

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) នឹងរៀបចំវេទិកានិពន្ធនាយកលើកទី២១ឆ្នាំ២០២៤​ របស់ខ្លួន ក្រោមប្រធាន​បទ៖”វិជ្ជាជីវៈ​សារព័ត៌មាន និងការបញ្ចេញមតិ” នៅព្រឹកថ្ងៃសៅរ៍ទី២១ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារសុខាភ្នំពេញ។

ជាមួយគ្នានេះ នៅក្នុងសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ឆ្នាំ២០២៤នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា អនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែអ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់សិទ្ធិទាំងនោះ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈរួមទាំងសន្តិសុខជាតិនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្រី្តក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ។

នៅក្នុងសារលិខិតអបអរសាទរកម្រាស់បីទំព័រ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណអ្នកសារព័ត៌មានទាំងអស់​ដែលបានជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ ដូចជា ព្រឹត្តិការណ៍នៃការ​សម្ពោធបើកការ​ដ្ឋាន​ព្រែកជីកហ្វូណនតេជោ និងការរួមចំណែកផ្សព្វផ្សាយដើម្បីបន្សាបព័ត៌មានព័ត៌មានក្លែងក្លាយ​ទាក់ទងនឹងកិច្ច​សហ​ប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA រួមទាំងការផ្សព្វផ្សាយពីព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ដែលទទួលបានជោគជ័យដ៏ធំធេងនាពេលកន្លងមកនេះផងដែរ៕
សូមជូនសារលិខិតអបអរសាទរ៖

ads banner