ធនាគារជាតិនៃកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេចឃ្យូអរ នៅខេត្តរតនគិរី
រតនគិរី ៖ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក ងិន ណែល អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីមន្រ្តីនៃមន្ទីរ អង្គភាព ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងក្រុងយ៉ាងច្រើនកុះករ។
លោក ងិន ណែល មានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយប្រាក់រៀលនាថ្ងៃនេះនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសនៅក្នុងក្រុងបានលុង យល់កាន់តែច្បាស់ថែមមួយកម្រិតទៀតនៅលើសារៈ សំខាន់នៃប្រាក់រៀលនិងបន្តប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនមិនថា ក្នុងប្រតិបត្តិការតម្លៃតូចឬតម្លៃធំនោះទេ។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម យឹម លាត បានលើកឡើងថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់ អ៊ុនតាក់ ក្នុងអំឡុង ទសវត្សរ៍ទី៩០។ កាលណោះ អ៊ុនតាក់បាននាំមកនូវថវិកាចំនួន ១.៧ ពាន់លានដុល្លារមកកម្ពុជា ។នៅពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជា ក៏មានភាពទន់ខ្សោយនៅឡើយ។ ក៏ប៉ុន្តែ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់ រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះ ប្រមាណ ៤០៥០រៀល ក្នុង១ដុល្លារ ដែលត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារ មិនឱ្យកើនឡើងតទៅទៀត ព្រោះការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅមិនទាន់ថមថយនៅឡើយ។
ឯកឧត្តមបន្តថា នេះជាមេរៀនប្រវត្តិសាស្រ្ត ដែលបានបង្ហាញពីការបាត់បង់ទំនុកចិត្តលើប្រាក់រៀលកើតឡើងត្រឹមរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញ ជាការលំបាក ។ទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នា។
ឯកឧត្តមបន្តថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២ ០០០មក ក្នុងនោះក៏មានគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តម ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេស ប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា។
ឯកឧត្តមបន្ថែមថា ប្រព័ន្ធទូទាត់បាគង ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់ បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ន អាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយប្រទេស ថៃ វៀតណាម និងឡាវ តាមរយៈការ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរទៅជាដុល្លារអាមេរិកសិននោះទេ។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនដូចជា VISA Card និង Master Card ជាដើម។ ក្នុងឆ្នាំនេះនឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ហើយក៏មានផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក៕
ដោយ៖ គតិ យុត្ត