រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្តីពីការបូកសរុប និងធ្វើបច្ចុប្បន្នភាពស្ថិតិបណ្ណកម្មសិទ្ធិអចលទ្រព្យនៃមន្ទីរអង្គភាពក្រុង ស្រុក និងឃុំ សង្កាត់
រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្តីពីការបូកសរុបនិងធ្វើបច្ចុប្បន្នភាពស្ថិតិបណ្ណកម្មសិទ្ធិអចលទ្រព្យនៃមន្ទីរអង្គភាពក្រុង ស្រុក និងឃុំ សង្កាត់កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តក្រោមវត្តមានលោក តូច ជាក់ អនុប្រធាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត តំណាងលោក ងិន ណែល អភិបាលរងខេត្ត។

លោក តូច ជាក់ បានលើកឡើងថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋជារៀងរាល់ឆ្នាំឱ្យបានត្រឹមត្រូវគ្រប់ចំនួន និងចប់សព្វគ្រប់នៅក្នុងត្រីមាសទី១នៃឆ្នាំបន្ទាប់ ។លោកបន្តថា ឆ្នាំ២០២៥ ខាងមុខនេះ គឺជាឆ្នាំ ដែលមន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យ
សម្បត្តិរដ្ឋ ឆ្នាំគោលឆ្នាំ២០២៤។ ទម្រង់ទី២ ជាតារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវធ្វើឡើង ក្នុង ឆ្នាំនីមួយៗ ក្នុងចន្លោះរយៈពេល ៥ឆ្នាំ នៃឆ្នាំគោល។

បើតាមលោក តូច ជាក់ មានមន្ទីរអង្គភាពនិងរដ្ឋបាលថ្នាក់ក្រោម ជាតិសរុបចំនួន ៩១មន្ទីរអង្គភាព ដែលត្រូវរៀបចំបញ្ជីសារពើភណ្ឌ ដែលក្នុងចំណោមនោះមានមន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន៤៥ ប៉ុណ្ណោះដែលបានរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។ នៅសល់មន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន៤៦ ផ្សេងទៀតដែលពុំទាន់បានរៀបចំបញ្ជីសារពើភណ្ឌនៅឡើយ។ ដោយឡែក ចំពោះទីតាំងដីដែលមន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានកាន់កាប់ និងប្រើប្រាស់បច្ចុប្បន្នសរុបចំនួន៥៩២ ទីតាំងក្បាលដី ដែលក្នុងនោះមានបណ្ណកម្មសិទ្ធិសរុបចំនួន ១៦១ប៉ុណ្ណោះ ស្មើនឹង២៧ភាគរយនៃចំនួនក្បាលដីសរុប និងគ្មានបណ្ណកម្មសិទ្ធិសរុប ចំនួន៤៣១ ទីតាំងក្បាលដី ស្មើនឹង៧៣ភាគរយ នៃចំនួនក្បាលដីសរុប ។

លោកបន្ថែមថា តាមរយៈទិន្នន័យនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋរបស់ មន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ គិតត្រឹមចុងឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យឃើញថា ការរៀបចំ បញ្ជីសារពើភណ្ឌ និងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋរបស់មន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅមានកម្រិតទាបនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងនាម មន្ទីរ អង្គភាពដែលកាន់កាប់ និងប្រើប្រាស់ និងក្នុងនាមជាអ្នកដែលទទួលខុសត្រូវលើកិច្ចការដែលមានសារៈសំខាន់ និងចាំបាច់មួយនេះ៕
ដោយ៖ គតិ យុត្ត


