កម្ពុជា អរគុណជប៉ុន កូរ៉េ និងអូស្រ្ដាលី ព្រមទាំងអង្គការសហប្រជាជាតិ ដែលបានសហការរៀបចំវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ នៅសាលាហ្វឹកហ្វឺនកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងឱកាសពិធីខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន កូរ៉េ និងអូស្រ្ដាលី ព្រមទាំង អង្គការសហប្រជាជាតិ ដែលបានសហការរៀបចំវគ្គហ្វឹកហ្វឺនខាងលើ ដោយមានការចូលរួមពីសិក្ខាកាមជាតិ និងអន្តរជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វាជាកិត្តិយសសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គហ្វឹកហ្វឺននេះ ដែលជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងកម្ពុជាលើវិស័យរក្សាសន្តិភាពជាង ២០ឆ្នាំកន្លងមក ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា វគ្គហ្វឹកហ្វឺននេះក៏នឹងរួមចំណែកបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់ សិក្ខាកាម ថែមទៀត ក្នុងប្រតិបត្តិការរក្សាសន្តិភាព ទៅអនាគត ៕
ដោយ ៖ សួង ពិសិដ្ឋ








