ការនាំចេញរបស់កម្ពុជា មិនគ្រាន់តែកើនជាទំហំប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែមានភាពចម្រុះផ្សេងគ្នា
(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការនាំចេញរបស់កម្ពុជាមិនគ្រាន់តែកើនជាទំហំប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែមានពិពិធភាព ឬភាពចម្រុះផ្សេងគ្នា គួរឱ្យកត់សម្គាល់ថែមទៀតផងដែរ ។ ជាក់ស្តែងទំហំនៃការនាំចេញផលិតផលកាត់ដេរ ធៀបនិងការនាំចេញសរុប បានរួមតូចពោលគឺពី៩១ភាគរយនៅក្នុងឆ្នាំ២០០០ មកនៅត្រឹម៥១ ភាគរយ គិតត្រឹម១១ខែដើមឆ្នាំ២០២៤នេះ ខណៈដែលការនាំចេញទំនិញកម្មន្តសាលមិនមែនកាត់ដេរ ដែលរួមបញ្ចូល ទាំងកសិកផលផង បានកើនពី៩ភាគរយ រហូតដល់៤៩ភាគរយ ក្នុងរយៈពេលដូចគ្នា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា យើងកត់សម្កាល់ដោយមោទនភាពផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជា កាន់តែឈានឆ្ពោះទៅរក ប្រភេទទំនិញនៃឧស្សាហកម្មកម្មន្តសាល មិនមែនកាត់ដេរ ដែលកើនពីប៉ុន្មាន ១,៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៦ រហូតដល់ ៧,៥ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៤នេះ ។
ក្នុងនោះឧស្សាហកម្មដែលកំពុងមានសក្កដានុពលរួមមាន គ្រឿងបង្គុំអេឡិចត្រូនិចគ្រឿង គ្រឿងសង្ហាររឹម ស្បែកសត្វមានរោម និងសំបកកង់រថយន្តជាដើម ដែលសុទ្ធសឹងជាទំនិញនៃឧស្សាហកម្ម មានតម្លៃបន្ថែមពីមធ្យមកម្រិតខ្ពស់ ហើយនេះបានឆ្លុះបញ្ចាំពីប្រសិទ្ធភាព និងការជោគជ័យពីការធ្វើពិពិធកម្ម នៃមូលដ្ឋានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងផ្នែកផលិតកម្ម ហើយក៏ជាករឆ្លុះបញ្ចាំងពីជំរៅនឿនៃ សម្មិទ្ធផលខាងផ្នែកពិពិធកម្មជាមូលដ្ឋានរបស់យើងផងដែរ ។
ប្រសាសន៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ សម្រេចបានជាង ៥០ពាន់លានដុល្លារអាមេរិក នៅក្នុងកំណើន ១៥,៩៥ភាគរយ ក្នុងនោះការនាំចេញសម្រេចបាន ២៤ពាន់លានដុល្លារ អាមេរិក ដែលកើនឡើង ១៤,៣៦ភាគរយ ។
ទំនិញនាំចេញសំខាន់ៗ របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមមានសំលៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំ សំបកកង់រថយន្ត ទោចក្រយាន្ត ដំឡូងមី ស្វាយន្ទីរ អង្ករ និងជ័រកៅស៊ូជាដើម ។ ទីផ្សារ RCEP គឺជាទីផ្សារសំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែក ប្រមាណ ៦២,១៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា








