ខេត្តស្ទឹងត្រែង ទិន្នផលត្រីឆ្នាំនេះមានការកើនឡើង
ស្ទឹងត្រែង៖ឆ្នាំ២០២៤នេះ នៅខេត្តស្ទឹងត្រែង ទិន្នផលត្រីប្រមូលបានកើនឡើងចំនួន២០៩តោន ស្មើនឹង៤,៩៧ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ដោយឡែកបទល្មើសនេសាទ ក៏មានការថយចុះគួរឱ្យកត់សម្គាល់ ដែលកត្តាទាំងនេះបានបង្ហាញឱ្យឃើញពីការខិតខំរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដោយមានការចូលរួមពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលជលផលស្ទឹងត្រែង ។

លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថា គិតពីរខែមករាដល់ដើមខែធ្នូ ២០២៤នេះ ទិន្នផលត្រី ឬ ផលត្រីប្រមូលបានពីដែននេសាទធម្មជាតិ មានចំនួន ៤ ៤១៥តោន ពោលកើនឡើងជាងឆ្នាំ២០២៣ចំនួន ២០៩តោន ស្មើនឹង៤,៩៧ភាគរយ។លោកបន្តថា លទ្ធផលនេះ គឺបានមកពីការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឧទ្យានុរក្ស ឆ្មាំទន្លេអភិរក្សសត្វផ្សោត សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។

ក្នុងរយៈពេលនេះដែរ លទ្ធផលនៃការបង្រ្កាបបទល្មើសនេសាទ ដោយដកហូតសម្ភារៈល្មើសមួយចំនួនធំ ក្នុងនោះ មងដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៥ ៧០០ម៉ែត្រ ,សន្ទូចរនងនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៥៥ ៤៣៣ផ្លែ ,ទូក៨គ្រឿង ,ទូកម៉ាស៊ីន៩គ្រឿង ,ក្បាលឆក់(អាំងវែទ័រ)៤គ្រឿង ដងឆក់២គ្រឿង ,អាវុធកែច្នៃ១គ្រឿង ,ថ្នងដងត្រី៩គ្រឿង ,បំផ្លាញរបាំងបិទអូរ២កន្លែង ,បង្គោល ២២៥ដើម និងរបាំងព្រួល ៧៥ម៉ែត្រ ,បំផ្លាញដាយកាត់ទន្លេ៥កន្លែង ,សាច់អួនប្រវែង៨០ម៉ែត្រ ,បំផ្លាញស្បៃមុងប្រវែង ២ ៨៤៥ម៉ែត្រ និងលូស្បៃមុង ៣៧មាត់ ព្រមទាំងបំផ្លាញរបាំងសាច់អួនប្រវែង ២២ ២៥០ម៉ែត្រ ។ជាមួយគ្នានេះបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្ត៥នាក់ ពាក់ព័ន្ធនឹងបទល្មើសនេសាទដោយឧបករណ៍ឆក់។

ប្រភពដដែលបន្ថែមថា មន្ត្រីជំនាញបានចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីជលផលទៅដល់ប្រជានេសាទចំនួន ៤៣៧នាក់ និងកិច្ចសន្យា ៦៤នាក់ ។

លោក ស្រី សំវិចិត្រ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងដែនអភិរក្ស ប្រទះឃើញប្រភេទត្រីដែលកំពុងរងគ្រោះមួយចំនួន មន្ត្រីជំនាញ និងកម្លាំងសហការ ក៏បានលែងត្រីដែលកំពុងរងគ្រោះ និងត្រីមេពូជចូលក្នុងទន្លេវិញ ប្រមាណ ៥០គីឡូក្រាម ផងដែរ។

លោកនាយខណ្ឌបានបង្ហាញនូវការវាយតម្លៃថា ក្នុងសកម្មភាពចុះផ្សព្វផ្សាយ អប់រំច្បាប់ កន្លងមក ប្រជានេសាទ និងសហគមន៍មូលដ្ឋានមានការយល់ដឹងកាន់តែល្អប្រសើរ ជាមួយការការពារទីជម្រករបស់ត្រីមេពូជ និងតំបន់កន្លែងអភិរក្ស។នៅក្នុងឆ្នាំ២០២៤នេះបើនិយាយអំពីកត្តាធម្មជាតិ គឺទឹកឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ដែលជាអំណោយផលដល់មច្ឆជាតិ ក្នុងការបន្តពូជ និងស្វែងរកចំណី។

ចំពោះលទ្ធផលដែលទទួលបានខាងលើ លោកនាយខណ្ឌបានពន្យល់ថា ដោយសាមានការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំរដ្ឋបាលជលផល ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រមទាំងមានសហការពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ទីរបរិស្ថាន ឆ្មាំទន្លេ និងសហគមន៍នេសាទ ៕
ដោយ៖ឡុង សំបូរ


