Biden លុបបំណុលនិស្សិត៤ពាន់លានដុល្លារថែមទៀត មុនចាកចេញ​

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកគ្រោងនឹងលុបចោលប្រាក់កម្ចីរបស់និស្សិតអាមេរិក ចំនួន៥៥,០០០នាក់បន្ថែមទៀត ដែលនឹងស្មើនឹងការលុបបំណុលសរុប ចំនួន ៤.២៨ពាន់លានដុល្លារ នៅក្នុងខែចុងក្រោយរបស់លោក សម្រាប់តំណែងជាប្រធានាធិបតីអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយសេតវិមាន កាលពីថ្ងៃសុក្រ លោក Biden បានឲ្យដឹងថា ការលុបចោលបំណុលដ៏ធំនេះ គឺសម្រាប់ «គ្រូបង្រៀន គិលានុបដ្ឋាយិកា សមាជិកសេវាកម្ម មន្ត្រីអនុវត្តច្បាប់ និងបុគ្គលិកសេវាសាធារណៈដទៃទៀត ដែលបានលះបង់ជីវិតរបស់ពួកគេ ក្នុងការផ្តល់ត្រឡប់ ទៅសហគមន៍របស់ពួកគេវិញ» ។

ជាមួយនឹងផែនការថ្មីនេះ អ្នកទទួលផលពីការលុបបំណុលសរុបកើនដល់ជិត ៥ លាននាក់ ជាមនុស្សដែលត្រូវបានអនុម័តសម្រាប់ការបន្ធូរបន្ថយបំណុល ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក Biden ។

ប្រធានាធិបតី ដែលផុតអាណត្តិ រូបនេះ បាននិយាយថា «ចាប់ពីថ្ងៃទីមួយ នៃការគ្រប់គ្រងរបស់ខ្ញុំ ខ្ញុំបានសន្យាថា នឹងធ្វើឱ្យប្រាកដថា ការអប់រំថ្នាក់ឧត្តមសិក្សា គឺជាសំបុត្រសម្រាប់វណ្ណៈកណ្តាល មិនមែនជាឧបសគ្គ ចំពោះឱកាសនោះទេ»។

រដ្ឋមន្ត្រីក្រសួងអប់រំសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័ត កាលពីថ្ងៃសុក្រ បាននាំមកនូវចំនួនសរុបនៃការលុបបំណុលនិស្សិត អំឡុងពេលកាន់តំណែង រយៈពេល ៤ឆ្នាំ របស់លោក Biden បានកើនដល់ជិត ១៨០ពាន់លានដុល្លារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner