ស្លាប់ជិត៤០នាក់ ក្នុងគ្រោះថ្នាក់ឡានក្រុងប្រេស៊ីល
បរទេស ៖ មនុស្សយ៉ាងហោចណាស់ ចំនួន ៣៨ នាក់បានស្លាប់ និង ៩នាក់ផ្សេងទៀតរងរបួស អំឡុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងបុកឡានដឹកដី នៅភាគអាគ្នេយ៍ ប្រទេសប្រេស៊ីល។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹង ជាជំហានដំបូងថា រថយន្តក្រុងបានផ្ទុះកង់ នៅម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃសៅរ៍ ត្រង់ចំណុចមួយ នៃរដ្ឋ Minas Gerais បណ្តាលឲ្យអ្នកបើកបរបាត់បង់ការគ្រប់គ្រង និងបានជ្រុលទៅបុករថយន្តដឹកដី មួយគ្រឿងទៀត។ នៅពេលនោះដែរ ក៏មានរថយន្តមួយផ្សេងទៀត បានបុករថយន្តក្រុង ពីក្រោយផងដែរ ប៉ុន្តែ អ្នកបើកបរបានរួចជីវិត ហើយបានរត់គេចខ្លួនបាត់។
លោក លូឡា ប្រធានាធិបតីប្រេស៊ីល បានចាត់ទុកថា ជា «សោកនាដកម្មដ៏គួរឱ្យភ័យខ្លាច» ។ អភិបាលរដ្ឋបាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីឱ្យគ្រួសារជនរងគ្រោះត្រូវបានយកចិត្តទុកដាក់ ដោះស្រាយសោកនាដកម្មនេះ តាមរបៀបមនុស្សធម៌។
ហេតុការណ៍នេះបានកើតឡើង ក្រោយពេលប្រមាណ ១ខែ ដែលមានគ្រោះថ្នាក់រថយន្តក្រុង ធ្លាក់ជ្រោះ នៅតំបន់ភាគឦសាន ប្រទេសប្រេស៊ីល បណ្តាលឲ្យស្លាប់មនុស្ស ១៧នាក់ស្លាប់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត