ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាអាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) នាល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។

ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) មានប្រសាសន៍ថា ពិធីនេះធ្វើឡើងដើម្បីបង្កនូវឱកាសជូនថ្នាក់ដឹកនាំយុវជន សមាជិក សមាជិកា បញ្ញវ័ន្ត និស្សិតមកពីតាមបណ្តាសមាគមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសរបស់រដ្ឋទាំង១២ ទាំងជំនាន់មុននិងជំនាន់ក្រោយ បានជួបជុំនិងសំណេះសំណាល រឹតចំណងមិត្តភាព សាមគ្គីភាព និងបន្តស្មារតី សាមគ្គី រួបរួមគ្នា វេញជាធ្លុងមួយ បំពេញការងារស្ម័គ្រចិត្តជួយដល់និស្សិត ប្រជាជន និងសង្គមជាតិ ។ នាពេលកន្លងមកសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) មានគោលដៅធំៗ ចំនួន៣ រួមមាន៖ (១) បណ្តុះបណ្តាលការសិក្សា និងលើកកម្ពស់សីលធម៌របស់និស្សិតបញ្ញវ័ន្តកម្ពុជា (២)បណ្តុះស្មារតីសាមគ្គីភាព ការដាក់ផលប្រយោជន៍ជារួម និងការស្នេហាជាតិ (៣) បន្តលើកស្ទួយ ការថែរក្សាសម្បិត្តវប្បធម៌ និងកេរ្តិ៍មរតកជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ និងការបំពេញតួនាទីភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរបស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ជាពិសេសការបេ្តជ្ញាចូលរួមយ៉ាងសកម្មជាមួយគ្រួសារ ស.ស.យ.ក.នាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន ដែលនាំឱ្យសម្រេចបានលទ្ធផលល្អនាពេលកន្លងមក ។ ការបង្កើតចលនាយុវជនដំបូងគេ ដោយផ្សារភ្ជាប់យន្តការយុវជនសំខាន់ចំនួន២ ក្នុងនោះរួមមាន: សមាគមន៍និស្សិតបញ្ញាវ័ន្តក្មេងវត្ត និងសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា(ក្រុម២២) ដែលយន្តការនេះត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណើរស្វែងរកសុខសន្តិភាព ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា បើទោះ ក្រុម២២ បច្ចុប្បន្ននេះស្ថិតក្រោមឆ័ត្រតែមួយរបស់ ស.ស.យ.ក. ក៏ដោយក្តី សម្តេចតេជោ តែងរំលឹកពីការលះបង់ និងការរួមចំណែកក្នុងការនាំយកសុខសន្តិភាពជូនប្រទេសជាតិ ។ ទោះបីបច្ចុប្បន្ន យើងរស់នៅក្រោមម្លប់សុខសន្តិភាព ប៉ុន្តែយើងត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមផ្សព្វផ្សាយនូវចក្ខុវិស័យរបស់កម្ពុជា ព្រមទាំងព័ត៌មានដែលត្រឹមត្រូវ ដើម្បីផ្ដល់ឱកាសឱ្យយុវជនបានសិក្សាស៊ីជម្រៅ និងបន្តថែរក្សាស្មារតី២ធ្នូ ដោយបណ្តុះមនសិការ ការគិតរបស់យុវជនលើផលប្រយោជន៍រួម ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ។

សូមបញ្ជាក់ថា ៖ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា(ក្រុម២២) ជាអង្គការក្រៅរដ្ឋាភិបាល ទទួលបានការ ឯកភាព ទទួលស្គាល់ពីសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០២ ហៅថា « សមាគមសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា » ។ បច្ចុប្បន្ន រចនាសម្ព័ន្ធនៃការដឹកនាំ មាន ប្រធាន អនុប្រធាន អគ្គលេខាធិការ គណៈអចិន្រ្តៃយ៍ អគ្គលេខាធិការរង គណៈកម្មាធិការនាយក គណៈកម្មការប្រតិបត្តិ ការិយាល័យចំនួន៦ និងសមាគមនិស្សិត នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសរបស់រដ្ឋចំណុះ ចំនួន១២ ដោយផ្តោតលើសកម្មភាពជួយដល់និស្សិតក្រីក្រ ដែលមានជីវភាពខ្វះខាតក្នុងការសិក្សា ប្រកាន់ភ្ជាប់នូវពាក្យស្លោកមួយថា «មិនឱ្យនិស្សិតណាម្នាក់បោះបង់ចោលការសិក្សា ដោយសារកត្តាជីវភាព ដែលយើងបានដឹង និងមិនបានដោះស្រាយនោះឡើយ» ដោះស្រាយផ្ទាល់ និងពាំនាំរាល់ទុក្ខលំបាករបស់និស្សិត ជូនប្រមុខរាជរដ្ឋាភិបាលជ្រាប ដើម្បីជួយដោះស្រាយទាន់ពេលវេលា។ បង្កឱកាសឱ្យនិស្សិតបានចូលរួមការងារសង្គម និងការងារមនុស្សធម៌ ក្រោមការដឹកនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ ដែលទើបកន្លងទៅថ្មីៗនេះ និងព្រឹត្តិការណ៍ធំៗជាច្រើនទៀត ។ បានចូលរួមជួយសង្គ្រោះ ជួយផ្តល់អំណោយ ដែលជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ដូចជាទឹកជំនន់ជាដើម ហើយជាងនេះទៅទៀត ក្នុងនាមកែវភ្នែកយុត្តិធម៌ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា(ក២២) បានចូលរួមជាអ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីអាណត្តិទី២ ដល់អាណត្តិទី៧ និងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ចាប់តាំងពីអាណត្តិទី១ ដល់អាណត្តិទី៥ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner