ឯកឧត្តម កែវ រស់ ៖ ភាពជោគជ័យនៃការប្រកួតជើងឯកថ្នាក់ជាតិនេះ អាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសកម្ពុជាមានសុខ សន្តិភាព និងការឯកភាពជាតិពេញលេញ
(ភ្នំពេញ)៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ អាចរៀបចំទៅដោយរលូន និងមានភាពជោគជ័យ ដោយចម្រាញ់បានកីឡាករកីឡាការិនីឆ្នើមតាមបណ្តាក្លឹបជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសមកហ្វឹកហាត់បំប៉ន់ត្រៀមការប្រកួតកម្រិតអន្តរជាតិដូចពេលនេះ ក៏ដោយសារប្រទេសកម្ពុជាមានសុខ សន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន កន្លងមក និងបន្តដឹកនាំប្រកបដោយថាមពលនិងភាពវៃឆ្លាតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការថ្លែងលើកឡើងរបស់ ឯកឧត្តម កែវ រស់ នៅក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅទីលានកីឡាវាយសីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម អគ្គខាធិការ បានគូសបញ្ជាក់ទៀតថា ឆ្លងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត បានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រយកចិត្តទុកដាក់ និងការទំនុកបំរុងដល់វិស័យកីឡាវាយសីពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាក្លឹបកីឡាវាយសី មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រម អាជ្ញាកណ្តាលទាំងអស់ ដែលបានប្រឹងប្រែងយកអស់ស្មារតីបំពេញភារកិច្ចប្រកបការទទួលខុសត្រូវខ្ពស់។
លទ្ធផលក្រោយការប្រកួតបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ពីការរីកចម្រើននៃវិស័យ កីឡាវាយសីនៅកម្ពុជា ដែលកំពុងវិវឌ្ឍឈានឡើងឆ្ពោះទៅមុខឥតឈប់ឈរគួរជាទីមោទនៈ។
ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម អគ្គលេខាធិការ ក៏បានរំលិចថា កន្លងមកសហព័ន្ធកីឡាវាយសីកម្ពុជា ធ្លាប់បានរៀបចំព្រឹត្តិការណ៍វាយសីថ្នាក់ជាតិ និង អន្តរជាតិជាច្រើនដូចជា៖ ព្រឹត្តិការណ៍កីឡា Sea Game លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ហើយយើងទទួលមេដាយមាសចំនួន០១គ្រឿង ដែលជាបានលទ្ធផលជាប្រវត្តិសាស្ត្រ កម្ពុជាមិនធ្លាប់មានពីមុនមក។ ក្នុងនោះក៏មានព្រឹត្តិការណ៍Para Game លើកទី១២ ឆ្នាំ២០២៣ ក៏ទទួលបានមេដាយសំរិទ្ធចំនួនពីរគ្រឿង។ ក្នុងនោះថែមទៀតព្រឹត្តិការណ៍កីឡាវាយសីជើងឯកថ្នាក់តំបន់កម្រិតអាស៊ីអគ្នេយ៍ សម្រាប់ក្រុមយុវជនអាយុ ក្រោម១៥និង ១៧ឆ្នាំ មានប្រទេសចំនួន៥ ប្រកួត៦វិញ្ញាសារ រយៈពេល៥ថ្ងៃ ដែលជាប្រវត្តិសាស្ត្រលើកទី១ កម្ពុជាទទួលរ៉ាប់រងធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាការលើកទឹកចិត្តនិងការផ្តល់កត្តិយសគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់សហព័ន្ធកីឡា វាយសីអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ តំណាងឯកឧត្តម លី កុសល ប្រធានសហព័ន្ធ សូមកោតសរសើរដល់អត្តពលិកទាំងអស់ ដែលបានសម្តែងកាយវិការជាវិជ្ជមាន ឆ្លុះបញ្ចាំង ពីសារៈសំខាន់អត្តចរិក សីលធម៌ គុណតម្លៃនៃចលនាស្មារតីអូឡាំពិក។ ព្រោះទន្ទឹមនិងការប្រកួត ជាពេលវេលាបង្ហាញនូវសីលធម៌ក្នុងវិជ្ជាជីវៈផងដែរ។ អត្តពលិកទាំងអស់បានធ្វើជាគំរូដ៏ល្អមួយ គឺ ប្រកួតប្រជែងដោយយុត្តិធម៌ គោរពតាមគោលការណ៍ Fair play។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ទោះបីដណ្តើមបានមេដាយក្តី ឬមិនបានក្តី ត្រូវតែប្តេជ្ញាចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករឆ្នើមមានសិទ្ធផលខ្ពស់ ត្រៀមចូលរួមប្រកួតលក្ខណៈអន្តរជាតិ ដណ្តើមយកមេដាយមាសជូនជាតិ មាតុភូមិ របស់យើង ជាបន្តទៀត ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានប្រតិភូកីឡាអញ្ជើញមកពីបណ្តាខេត្ត-ក្រុង ចូលរួមចំនួន១៤សម្ព័ន្ធ ក្លឹបកីឡាវាយសី និងមានកីឡាករ កីឡាការិនី សរុបមានចំនួន ២០៧នាក់ ៕
ដោយ ៖ ជាវ ចន្ធូ