ប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាជិត ៣០លានដុល្លារទៀត ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សក្រីក្រប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២, បើតាមការប៉ាន់ស្មានដំបូងមានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែមក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋមកពីគ្រួសារក្រីក្រ កំពុងបើកប្រាក់ឧបត្ថម្ភប្រចាំខែ, នេះមានន័យថា គ្រួសារក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានអំពាវនាវដល់អាណាព្យាបាល សូមនាំកូនៗមកចុះឈ្មោះចូលកម្មវិធីនេះឱ្យបានរួសរាន់ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល។
សូមជម្រាបថា ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត គឺបានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អំឡុងបេសសកម្ម ចុះផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះរបស់សិស្សានុសិស្សគោលដៅចូលកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាលនេះ ។
វាជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រី ដែលមានបណ្ណសមធម៌ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា