សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយ សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A និងប្រឡងសញ្ញា បត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ជាង ២ពាន់នាក់
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ចំនួន ២ ២២៥ នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនទាំងអស់ ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ០៨ តុលា ២០២៤ ចំនួន ១០៦.៣៥១នាក់ ស្មើនឹង ៧៩.០០ % នៃបេក្ខជនមកប្រឡងសរុប ដែលភាគរយបេក្ខជន ប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧២.៨៩ ភាគរយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លទ្ធផលដ៏ប្រសើរនេះ ពិតជាកើតចេញពីការខិតខំ រៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ការខិតខំ បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតួអង្គពាក់ព័ន្ធមួយចំនួនទៀត ដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្ស ជាពិសេសឪពុកម្តាយ និងអាណាព្យាបាល ដើម្បីជួយឱ្យពួកគេ ទទួលបានលទ្ធផលល្អ ក្នុងការសិក្សា ក៏ដូចជាទទួលបាន ជ័យលាភី នៅក្នុងការប្រឡងយកសញ្ញាបត្រ ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការផលិតបាននូវសិស្សនិទ្ទេស A រាប់ពាន់នាក់ ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជា កំពុងប្រឹងប្រែងកសាង សមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារ បច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់ បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជា មានធនធានមនុស្ស គ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើន ក្នុងបរិការណ៍ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជា ត្រូវឈរលើសក្តានុពល ដែលខ្លួនមាន និងបោះជំហានឱ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក ជាពិសេស ក្នុងស្ថានភាព ដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ