Putin ប្តេជ្ញាបំផ្លាញអ៊ុយក្រែនបន្ថែមទៀត
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាថា នឹងនាំមកនូវ «ការបំផ្លិចបំផ្លាញ» បន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន ជាការសងសឹក ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើទីក្រុង Kazan តំបន់កណ្តាលរបស់រុស្ស៊ី កាលពីមួយថ្ងៃមុន។
ប្រទេសរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក «ដ៏ធំ» ដែលបានវាយប្រហារប្លុកផ្ទះល្វែងប្រណីត នៅចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ ពីព្រំដែន។
លោក ពូទីន បាននិយាយ ក្នុងកិច្ចប្រជុំរដ្ឋាភិបាល តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យថា «ពួកគេព្យាយាមបំផ្លាញ ពួកគេនឹងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ជាច្រើនដងទៀត ហើយពួកគេនឹងសោកស្តាយចំពោះអ្វី ដែលពួកគេកំពុងព្យាយាមធ្វើ នៅក្នុងប្រទេសរបស់យើង»។
កន្លងមក លោក ពូទីន ធ្លាប់បានគំរាមវាយប្រហារចំកណ្តាលទីក្រុងគៀវ ដោយប្រើកាំជ្រួចផ្លោង លឿនជាងសំឡេង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី។
ជាក់ស្តែង ក្រសួងការពារជាតិរុស្ស៊ី បានហៅការវាយប្រហារ ទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ជាការសងសឹកចំពោះទីក្រុង Kyiv ដោយប្រើកាំជ្រួចដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារមូលដ្ឋានអាកាស និងរោងចក្រអាវុធ របស់រុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត