លោក Netanyahu គំរាមកម្ចាត់ក្រុមហ៊ូទីនៅយេម៉ែន ដើម្បីស្តារសណ្តាប់ធ្នាប់អន្តរជាតិ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងបន្តធ្វើសកម្មភាពយោធាប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន ដើម្បីស្តារសណ្តាប់ធ្នាប់អន្តរជាតិ និងការដឹកជញ្ជូនតាមសមុទ្ររបស់ពិភពលោក។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយជាវីដេអូថា ដូច ដែលយើងបានធ្វើសកម្មភាពយោធាប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ផ្សេងទៀតដែរ… យើងនឹងបន្តធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូទី។

លោកបន្ថែមថា អ៊ីស្រាអែលមិនមែនធ្វើសកម្មភាពតែម្នាក់ឯងនោះទេ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតក៏មានទស្សនៈដូចគ្នានឹងអ៊ីស្រាអែលដែរ ពីព្រោះក្រុមហ៊ូទីកំពុងបង្កការគំរាមកំហែងមិនត្រឹមតែដល់ការដឹកជញ្ជូនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសណ្តាប់ធ្នាប់ពិភពលោក។

សារគំរាមបែបនេះរបស់មេដឹកនាំអ៊ីស្រាអែល កើតឡើងបន្ទាប់ពីក្រុមហ៊ូទីបានបាញ់មីស៊ីលវាយប្រហារសួនកុមារ និងអគារមួយក្នុងទីក្រុង Tel Aviv ពេញមួយយប់នៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ បណ្តាលឱ្យមនុស្ស ១៤នាក់រងរបួស និងខូចខាតអគារ នេះបើយោងតាមការអាប់ដេតចុងក្រោយពីសេវាសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល។

ហើយការវាយប្រហាររបស់ពួកហ៊ូទី កើតឡើងក្រោយអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ លើរដ្ឋធានីសាណាអា របស់ប្រទេសយេម៉ែន ក៏ដូចជាកំពង់ផែ Hodeidah, As-Salif និង Ras Issa ដោយយោធាអ៊ីស្រាអែលបាននិយាយថា វាយលុកនោះក៏សំដៅលើហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ូទី បានសម្លាប់យ៉ាងហោចណាស់ ៩នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner