មនុស្ស ៧នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅម៉ិកស៊ិក

ម៉ិចស៊ីកូ ៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានបាត់បង់ជីវិត នៅពេលដែលយន្តហោះធុនស្រាលមួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់ផ្ទុះឆេះកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ព្រៃដ៏ក្រាស់នៃរដ្ឋ Jalisco ស្ថិតនៅភាគខាងលិចប្រទេសម៉ិកស៊ិក នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់។

ប្រភពបានឱ្យដឹងថា យន្តហោះធុន Cessna 207 បានជួបគ្រោះថ្នាក់ធ្លាក់ឆេះនៅពេលកំពុងហោះហើរចេញពីទីក្រុង La Parota ក្នុងរដ្ឋ Michoacan ដែលនៅជិតខាង។

មន្រ្តីការពារជនស៊ីវិលនៃរដ្ឋ Jalisco បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទីតាំងធ្លាក់យន្តហោះគឺស្ថិតក្នុងតំបន់ដែលពិបាកចូលទៅជួយសង្គ្រោះ។

ទីភ្នាក់ងារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា អាជ្ញាធរដំបូងដែលទៅដល់ទីតាំងកើតហេតុ បានរាយការណ៍បឋមថា មនុស្ស ៧នាក់បានស្លាប់ ប៉ុន្តែគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពដដែលបានឱ្យដឹងទៀតថា អគ្គីភ័យត្រូវបានពន្លត់ ហើយការកាត់បន្ថយហានិភ័យត្រូវបានអនុវត្ត ដើម្បីការពារការខូចខាតបន្ថែមទៀតដែលអាចកើតមាន។

បើតាមការបញ្ជាក់របស់អាជ្ញាធរ គិតមកទល់ពេលនេះពួកគេកំពុងរង់ចាំអ្នកស៊ើបអង្កេតកោសល្យវិច្ច័យមកដល់ ដើម្បីយកសាកសពចេញ និងស្រាវជ្រាវពីមូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner