ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា

(ភ្នំពេញ)៖ ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន ១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់«ភាពស្អាត» របស់ប្រទេសកម្ពុជា ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកម្មពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» សម្រាប់គម្រោងប្រើប្រាស់ ឡើងវិញនូវរថយន្តដឹកសំរាមជប៉ុននៅ ក្រុង ស្រុកចំនួន ១០ ក្នុងខេត្តចំនួន ៧នៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមបានបន្ថែមថា គម្រោងប្រទេសជប៉ុនខាងលើនេះ បានផ្តល់រថយន្តដឹកសំរាម ដោយទីក្រុងអូសាកា ដែលអាចចល័តលើផ្លូវតូចៗ និងដឹកសំរាមបានច្រើន ដើម្បីជួយផ្តល់នូវបរិស្ថានស្អាតសម្រាប់ប្រជាជនកម្ពុជាបន្ថែមទៀត ។

ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ពេលនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកបានផ្តល់រថយន្តដឹកសំរាម ចំនួន ២០គ្រឿង និងបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង ស្រុកគោលដៅ និងសម្រាប់ឆ្នាំ២០២៤នេះ ប្រទេសជប៉ុនបានផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ដើម្បីសម្របសម្រួល និងបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក ចំនួន ៧ លើការពង្រឹងសេវាប្រមូល និងដឹកជញ្ជូនសំរាម ទៅចាក់ចូលនៅទីលានឱ្យស្អាត និងទាន់ពេលវេលា ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ កិច្ចសហការយ៉ាងល្អប្រសើរ ពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ជាមួយក្រុមគ្រួសារបរិស្ថាន ក្នុងការចូលរួមអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថានជាបន្តបន្ទាប់ ជាពិសេសលើ«ភាពស្អាត» ដែលជាសសរស្តម្ភមួយ របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីចូលរួមអនុវត្តភាពស្អាតនៅកម្ពុជាឱ្យមាននិរន្តភាព ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានកំពុងនឹងរៀបចំផែនការសកម្មភាព«ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ ។ ផែនការសកម្មភាពនេះ បាននិងកំពុងរៀបចំសំរាតអនាម័យបរិស្ថាន រើសសំរាម ប្រមូលទុកដាក់ គឺដើម្បីឱ្យបណ្តាក្រុង ស្រុក ខណ្ឌនានា នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ នៅក្នុងឆ្នាំ២០២៥ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner