ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបន្តបេសកកម្មផ្លាស់ប្តូរវប្បធម៌ តាមរយៈចាក់បញ្ចាំងខ្សែភាពយន្ត ដែលបញ្ចប់ត្រឹមខេត្តកណ្តាល
(ភ្នំពេញ)៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ បានរៀបចំការចាក់បញ្ចាំងនៅក្នុងខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅ ក្រោមកិច្ចសហការ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា កំសាន្តនាពេលរាត្រី ។
ការចាក់បញ្ចាំងនៅខេត្តកណ្តាល នៅទីតាំងចំនួន ៦រួមមាន ៖ ១- នៅបរិវេន សាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង។ ២- នៅបរិវេន សាលាឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ។ ៣-នៅសួនច្បារព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល។ ៤-នៅសួនច្បារម៉ាត់ទន្លេតាខ្មៅ ក្រុងតាខ្មៅ។ ៥-នៅបរិវេនវត្តឈូងលៀប ក្រុងតាខ្មៅ និង៦-នៅវិទ្យាល័យហ៊ុន សែន ស្អាង ស្រុកស្អាង ខេត្តកណ្តាល ។
លោក ស៊ុន រតន: អនុប្រធានការិយាល័យផលិត នៃមន្ទីរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ខ្សែភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំង២ កម្ពុជា និងចិន ដែលជាមហាមិត្តដែកថែប ។
លោកអនុប្រធានការិយាល័យ បន្តថា ការបញ្ចាំងភាពយន្តនេះ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំង២ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ។ តាមរយៈការចុះចាក់បញ្ចាំងជាច្រើនខេត្តកន្លងមកនេះ សង្កេតឃើញថា ប្រជាពលរដ្ឋដែលចូលរួមទស្សនាបានបង្ហាញទឹកមុខរីករាយ និងគាំទ្រសកម្មភាពការចាក់បញ្ចាំងនេះ ហើយបានសូមណូមពរឲ្យក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តចុះចាក់ញ្ចាំងភាពយន្ត នៅឆ្នាំក្រោយៗទៀត ។
ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើតរយៈពេល៦ឆ្នាំហើយ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្នុងន័យផ្សព្វផ្សាយពីចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ដែលជាមហាមិត្តដែកថែម។
ការបញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌របស់ប្រទេសទាំង២ តាមរយៈខ្សែភាពយន្ត ដើម្បីស្វែងយល់នូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងសារៈអប់រំល្អៗ តាមរយៈខ្សែភាពយន្ត ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចត្រ