ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិននៅសៀមរាប ក្រៅពីជំរុញទេសចរណ៍ ក៏ជាការផ្តល់ឱ្យកាសជម្រើសជាតិបានព្រឹងសមត្ថភាព

អត្ថបទដោយ៖
ជាវ ចន្ធូ

(សៀមរាប)៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ ដែលមានកិច្ចសហការរួមគ្នាកម្ពុជា ឡាវ និងវៀតណាម ដែលរៀបចំលើកដំបូង នៅសៀមរាប ទទួលបានអ្នកចូលរួមសរុបចំនួន ៥,៣២៧នាក់ មកពី ១៤ប្រទេស ដែលជាសមាជិករបស់សហព័ន្ធកីឡាអត្តពលកម្មអាស៊ី ខណៈប្រទេសចូលរួមច្រើនជាងគេ គឺវៀតណាម ជប៉ុន និងឡាវ។

នេះជាការបញ្ជាក់ របស់ បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម បណ្ឌិត បន្ដថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ ជាការប្រកួតកីឡាកម្រិតជំនាញ ដែលរៀបចំឡើងនៅប្រទេសចំនួន ៣ រួមមានកម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្តល់ឱកាសដល់អត្តពលិកម៉ារ៉ាតុងកម្រិតជំនាញនៅជុំវិញពិភពលោកធ្វើការអភិវឌ្ឍគុណវុឌ្ឍិ និងឧត្តមភាពរបស់ខ្លួន។

ឯកបណ្ឌិត ថោង ខុន ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិ ទាំងកម្រិតជំនាញ និងស្ម័គ្រចិត្តទាំងអស់ ដែលបានមកកាន់អង្គរបេតិកភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិនពេលនេះ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើង បន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី លើទឹកដីអង្គរនេះ បានរៀបចំឡើង ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងគោលដៅរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសជំរុញការអភិវឌ្ឍសមត្ថភាពអត្តពលិកជំនាញ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ។

ឯកឧត្តមបន្ដថា ទោះបីព្រឹត្តិការណ៍នេះថ្មីមែន ប៉ុន្ដែជាបច្ចេកទេស និងជាលក្ខណៈជំនាញ ក៏ដូចជារបៀបរបបនៃការរៀបចំ មិនមានអ្វីប្លែកទេ ។ អ្វីដែលប្លែក គឺជាព្រឹត្តិការណ៍មួយ រៀបចំឡើងចង់ឲ្យកីឡាករ-កីឡាការិនីជំនាញ ពិសេសក្រុមជម្រើសជាតិរបស់យើងចូលរួម ដើម្បីសាកល្បងបច្ចេកទេសរបស់ខ្លួនឲ្យបានច្រើន ពីព្រោះការរត់ចម្ងាយឆ្ងាយនេះ ត្រូវការយ៉ាងហោច ៣ខែម្ដងប្រកួតម្ដង។ ការរត់កម្រិតជំនាញ គឺជាការធ្វើតេស្ដ និងពង្រឹងសមត្ថភាព តាមរយៈសហព័ន្ធ ដែលខិតខំរៀបចំឲ្យមានសកម្មភាពជាច្រើនសម្រាប់កីឡាករ-កីឡាការិនីក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំក្រោយ ។ នេះគឺជាព្រឹត្តិការណ៍មួយ ដែលអាចជំរុញ និងជួយដល់សិទ្ធផលរបស់កីឡាករជំនាញរបស់យើង ។

ការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃអាទិត្យនេះ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ៕

ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner