ហាប់គីដូជើងឯកថ្នាក់ជាតិ លើកទី២ ទទួលបានភាពជោគជ័យខ្ពស់ ពិសេសកុមារចូលរួមកាន់តែច្រើន

(ភ្នំពេញ)៖ ការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិលើកទី២ បានបញ្ចប់ដោយភាពជោគជ័យខ្ពស់ និងទទួលបានការចូលរួមពីកីឡាករ កីឡាការិនីច្រើនជាងឆ្នាំកន្លងទៅ ។ នេះគឺជាលើកទី២ហើយ ដែលព្រឹត្តការណ៍ថ្នាក់ជាតិនេះ បានការគាំទ្រពី ប្រធាន អនុប្រធាន និងសមាជិកប្រតិបិត្តទាំងអស់ ចូលរួមជាថវិកាផ្ទាល់ខ្លួន និងគៀងគរដៃគូសហការឧបត្ថម្ភ ដើម្បីរៀបចំការប្រកួតនេះ ។

លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡា ហាប់គីដូ បានលើកទឹកចិត្ត អោយកីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួមប្រកួតប្រជែង ត្រូវទទួលយកលទ្ធផល ទោះល្អ ឬមិនសូវល្អក្តី ក៏កុំបាក់ទឹកចិត្ត តែត្រូវពង្រឹងស្មារតីប្រកួតប្រជែងឱ្យបានល្អបន្ថែមទៀត ជាពិសេសត្រូវដុសខាត់សមត្ថភាពឱ្យបានកាន់តែខ្លាំង។

លោក បន្ថែមថា ការប្រកួតតែងមានឈ្នះ មានចាញ់ អ្វីដែលសំខាន់ការវាស់ស្ទង់នូវការហ្វឹកហាត់ ឬគុណភាព សមត្ថភាពរបស់កីឡាករ កីឡាការិនីម្នាក់ៗ ដើម្បីបង្កើនសមត្ថភាព កសាងមិត្តភាព សាមគ្គីភាព ព្រមទាំងអភិវឌ្ឍបច្ចេកទេសផងដែរ ។

លោក គួច ហុងជៀក ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីចូលរួមប្រកួតលើវិញ្ញាសាឱ្យបានច្រើន ពីព្រោះនេះជាទិសដៅរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីជំរុញ និងវាស់ស្ទង់កម្រិតបច្ចេកទេសធនធានកីឡាករ កីឡាការិនីល្អៗ ត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិ នាឆ្នាំ២០២៥ខាងមុខ ។

ប្រធានស្តីទីរូបនេះក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាណាព្យាបាលរបស់សិស្សគុនទាំងអស់ដែលតែងតែយល់ដឹង និងលើកទឹកចិត្តដល់កូនៗរបស់ខ្លួន ឱ្យចូលរួមហ្វឹកហាត់កីឡា ដើម្បីសុខភាពល្អ និងអាចក្លាយជាធនធានសម្រាប់ជាតិ ក្នុងវិស័យកីឡាផងដែរ ។

លោកចាត់ទុកថា នេះជាការរួមចំណែកដ៏សំខាន់របស់អាណាព្យាបាលទាំងអស់ ក្នុងការលើកតម្កើនដល់សុខភាពរបស់សង្គមជាតិ ដោយកាលណាប្រជាជនយើងមានសុខភាពល្អ មានន័យថា ប្រទេសជាតិយើងសម្បូរទៅដោយធនធានមនុស្សច្រើនប្រកបដោយគុណភាពជីវិតកាន់តែល្អប្រសើរ ហើយជាការកាត់បន្ថយនូវភាពក្រីក្ររបស់ក្រុមគ្រួសារ រួមទាំងសង្គមជាតិយើងផងដែរ ។

គួរបញ្ជាក់ដែរថា ប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤លើកទី២នេះ ធ្វើឡើងរយៈពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៤ ដោយមានការចូលរួម ពីសមាគម ក្លឹបចំនួ៥ រួមមាន៖ ក្លឹបធីណាហាប់គីដូ , ក្លឹប ឥន្ទ្រីយ៍ , ក្លឹបអូឡាំពិក , ក្លឹបម៉ាស្ទ័រសេង និង សមាគមកីឡាក្រសួងមហាផ្ទៃ។ ជាក់ស្តែងឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញកាលពីល្ងាចថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៤ម្សិលមិញនេះ សហព័ន្ធក៍បានរកឃើញម្ចាស់ជ័យលាភីទៅតាមប្រភេទវិញ្ញាសានីមួយៗផងដែរ ដោយមានទាំងវិញ្ញាសា កុមារា កុមារី និង កីឡាករ កីឡាការិនី វ័យធំផងដែរ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចត្រ និង ងីម ឆៃហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner