នាយករដ្ឋមន្ត្រី ៖ ឪពុកម្តាយគ្រប់រូប តែងលើកឡើងថា មិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឪពុកម្តាយគ្រប់រូប តែងតែនិយាយថា “ឪពុកម្តាយ មិនមានទ្រព្យអ្វីល្អ ទុកជូនកូន ក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន ហើយត្រូវប្រកាន់ខ្ជាប់ “ទស្សនវិជ្ជមានសម្រាប់ខ្លួន, ទស្សនវិជ្ជមាន សម្រាប់ជាតិ និងទស្សនវិជ្ជមានសម្រាប់យើងទាំងអស់គ្នា” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានមានប្រសាសន៍ថា ឳពុកម្តាយគ្រប់រូប តែងតែលើកឡើងថា “ឪពុកម្តាយ មិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យ ដែលចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន។
សម្តេចបវរធិបតី បានលើកឡើងថា ភាពជោគជ័យរបស់ប្អូនៗសិស្សនិទ្ទេស A នាថ្ងៃនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី បន្ទាប់ពីការបញ្ចប់មូលដ្ឋាន នៃចំណេះដឹងទូទៅ ដើម្បីបន្តទៅចាប់យកជំនាញពិតប្រាកដនៅកម្រិតឧត្តមសិក្សា និងឈានទៅប្រកបការងារ ព្រមទាំងទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង។
តួអង្គសំខាន់ ដែលត្រូវទទួលបានការកោតសរសើរនាពេលនេះ គឺសាមីសិស្សខ្លួនឯងផ្ទាល់ ដែលបានខិតខំប្រឹងប្រែងរៀន រហូតទទួលបានជោគជ័យមកដល់ថ្ងៃនេះ ដោយមានការជួយជ្រោមជ្រែង និងគាំទ្រពេញទំហឹង ពីឪពុកម្តាយ និងអាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលា ជាដើម ។
សម្ដេចថា ការណ៍នេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់ រាជរដ្ឋាភិបាល ក្នុងការដាក់គោលដៅកំណែទម្រង់ ការប្រឡង ដែលបានផ្លាស់ប្តូរផ្នត់គំនិតរបស់ ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងបង្កើតសមត្ថភាព ឈរលើពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា “អ្នកចេះ គឺជាប់” ដែលធ្វើឱ្យសិស្សជាប់ ដោយមោទនៈ ហើយធ្លាក់ដោយអស់ចិត្ត ។
សម្តេចបវរធិបតី ក៏បានណែនាំថា សិស្សានុសិស្សទាំងអស់ ទោះប្រឡងជាប់ និងមិនជាប់ក្តី សូមប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន។ សមា្រប់សិស្សទទួលបាននិទ្ទេស A ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីទទួលលទ្ធផលកាន់តែល្អប្រសើរនាពេលខាងមុខ។
សម្ដេចបន្ថែមថា ចំពោះសិស្សទទួលបាននិទ្ទេសផ្សេង ឬមិនទាន់ជាប់ ត្រូវខិតខំប្រឹងប្រែងបន្ត ព្រោះការប្រឡង គឺគ្រាន់តែជាការវាស់ស្ទង់សមត្ថភាព និងភាពខ្វះខាតតែប៉ុណ្ណោះ ប៉ុន្តែមិនអាចកំណត់ជោគជ័យរបស់បុគ្គលគ្រប់រូបនាពេលអនាគតនោះទេ។ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះសិស្សទាំងអស់ មិនត្រឹមតែសិស្សនិទ្ទេស A ប៉ុណ្ណោះទេ។
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ផងដែរថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំ រាជរដ្ឋាភិបាល “ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយ” ដោយគ្មានផែនការ យកភាសាណា មកជំនួសភាសាខ្មែរនោះទេ។ ដោយហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាល ខិតខំជំរុញ និងលើកកម្ពស់ការបង្រៀនភាសាខ្មែរ នៅគ្រប់កម្រិតនៃការអប់រំ និងបណ្តុះបណ្តាល ដោយបានតម្រូវឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនទាំងអស់ បញ្ចូលការបង្រៀនភាសាខ្មែរ ជាគោល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ