អំណោយកង់ ២០០០ និងកាតាប ១២០០០ បានលើកទឹកចិត្ដដល់ការសិក្សារបស់សិស្ស

(ភ្នំពេញ)៖ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះបានប្រគល់ អំណោយកាតាបចំនួន ១២០០០កញ្ចប់ និងកង់ចំនួន ២០០០គ្រឿង សាលាបឋមសិក្សាបល្ល័ង្កខាងលិច ស្ថិតនៅក្នុងខេត្តកំពង់ធំ ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់ ។

លោក អ៊ឹម វ៉ាន់នី អនុប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានរំលេចថា រយៈពេលពីរឆ្នាំនេះ (ឆ្នាំ២០២៣ និង ឆ្នាំ២០២៤) ដោយមានការគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ខេត្តកំពង់ធំទទួលបានអំណោយពីCFRDនូវកាតាបចំនួន២០៤៤២កញ្ចប់ និងកង់ចំនួន១២៩៦គ្រឿង។ អំណោយទាំងនេះបានរួមចំណែកយ៉ាងសកម្មដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តកំពង់ធំថែមទៀតផង។

ក្នុងនាមម្ចាស់អំណោយកង់និងកាតាប លោក Zhang Shenyue ប្រធានកម្មវិធីគម្រោងរបស់ CFRD បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីអង្គពាក់ព័ន្ធនានាក្រោមទម្រដ៏រឹងមាំនៃកិច្ចគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលដល់បេសកកម្មការងាររបស់CFRDក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន ។

តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំលើកទឹកចិត្តសិស្សដែលទទួលអំណោយកាតាបនិងកង់ពីCFRDតាមរយៈវេទិកាសម្ព័ន្ធសង្គស៊ីវិល សូមជួយថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង និងបង្កើនការរួមចំណែកពន្លាតស្មារតីនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក CFRDគឺជាដៃគូដ៏សំខាន់របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់អំណោយកាតាប១៦៧៥៣៤កញ្ចប់ និងកង់ចំនួន៥០២៦គ្រឿងជូនដល់សិស្សានុសិស្សនៅជនបទចំនួន២២ខេត្ត។
បេសកកម្មនេះមិនត្រឹមរួមចំណែករឹតបន្តឹងចំណងមេត្រីភាពនៃទំនាក់ទំនងប្រជាជននិងប្រជាជនកម្ពុជានិងចិនប៉ុណ្ណោះទេ ថែមទាំងផ្តល់ការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៀតផង។

ឯកឧត្តម ក៏បានបន្ថែមថា សមិទ្ធផលដែលផ្តល់បច្ច័យល្អដល់ការរៀបចំពិធីនាថ្ងៃនេះ គឺកើតឡើងពីហេតុផលសំខាន់ចំនួន៣រួមមាន៖

១-កត្តាសន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចដែលសម្រេចបានដោយការលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ព្រមទាំងការដឹកនាំប្រកបដោយគតិបណ្ឌិតដោយមានគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវគ្រប់អាណត្តិដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។

២-ទំនាក់ទំនងជាប្រពៃណីល្អរវាងកម្ពុជានិងចិនឈានដល់កម្រិតមិត្តភាពដែកថែបដែលជាកិច្ចខិតខំប្រឹងប្រែងពូនជ្រុំដោយថ្នាក់ដឹកនាំតាំងពីជំនាន់មុនៗរហូតដល់ពេលបច្ចុប្បន្នដែលបានបង្កបរិយាកាសដល់វិស័យឯកជន ក៏ដូចជាសង្គមស៊ីវិលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ។

និង ៣-ការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដែលបានចិញ្ចឹមបីបាច់ និងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner