មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន៖ ផ្លូវជាតិ និងផ្លូវសំខាន់ៗមួយចំនួនមានសោភ័ណភាពនិងគ្មានសំរាមរាយប៉ាយ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរៀបចំគម្រោងសាកល្បងសំអាតផ្លូវជាតិ សំដៅធ្វើយ៉ាងណាប្រែក្លាយផ្លូវជាតិកម្ពុជាជាផ្លូវគ្មានសំរាម ប្រកបដោយផាសុកភាព និងព្រមទាំងមានភាព ស្រស់ស្អាតសម្រាប់អ្នកធ្វើដំណើរទូទៅនៅកម្ពុជា។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០២៤ឱ្យដឹងថា ដំណើរការសម្អាតផ្លូវជាតិនេះបានចាប់ផ្តើមតាំងតែពីវិច្ឆិកាកន្លងមក ហើយបបច្ចុប្បន្ននេះសម្អាតបានប្រមាណ៧០-៨០ភាគរយតាមផ្លូវជាតិចំនួន៥ក្នុងនេះរួមមានផ្លូវជាតិ លេខ៤ ផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ ផ្លូវលេខ៥១ ជាដើម។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថាការចូលរួមសម្អាតពីសំណាក់ មន្រ្តីក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស យ៉ាងសកម្មក្នុងការសម្អាតតាមដងផ្លូវនានា កន្លងមកបានធ្វើឱ្យតាមដងផ្លូវតំបន់មួយចំនួន ធ្លាប់តែមានសំរាមចោលពាសវាល ពាសកាលបានប្រែក្លាយជាផ្លូវស្អាត មានអនាម័យ និងមានសោភ័ណ្ឌភាពកាន់តែប្រសើរឡើង។

ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹងដែរថា៖ការសម្អាតតាមដងផ្លូវជាតិសំខាន់ៗកន្លងមកគឺជាផ្នែកមួយ ក្នុងការធ្វើឱ្យ ប្រទេសជាតិស្អាត ដែលជាទិសដៅរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះវាក៏ជាការបណ្តុះផ្នត់គំនិត ដល់សិស្សានុសិស្ស ចូលរួមសម្អាតបរិស្ថានតាមដងផ្លូវ ពិសេសជាងនេះចេះចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវសំដៅធ្វើយ៉ាងណាប្រទេសយើងស្អាត គ្មានសំរាមដែលជាទីទាក់ទាញទេសចរ។

ជាមួយគ្នានេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវឱ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនចោលសំរាមពាសវាលកាល ហើយចូលរួមសម្អាតដងផ្លូវរបស់យើង ជាផ្លូវគ្មានសំរាម មានសោភ័ណ្ឌភាព និងចូលរួមដាំដើមឈើប្រែក្លាយជាដងផ្លូវស្រស់បំព្រងជាប្រចាំតទៅថ្ងៃខាងមុខ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner