សម្ព័ន្ធកីឡាប៊ូលនិង ប៉េតង់ ខេមរៈភូមិន្ទ ឈរចំណាត់ថ្នាក់លេខ ១ ក្នុងព្រឹត្តការណ៍ជើងឯកប៉េតង់ថ្នាក់ជាតិ ២០២៤
(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ទីបំផុតព្រឹត្តការណ៍ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភីតាមប្រភេទវិញ្ញាសានិមួយៗហើយ ពិសេសសម្ព័ន្ធកីឡាប៊ូលនិង ប៉េតង់កងយោធពលខេមរៈភូមិន្ទ ឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ១៣សមាគម ក្លឹបចូលរួម ដោយឈ្នះមេដាយច្រើនជាងគេ។
ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះរៀបចំឡើង ដើម្បីលើកស្ទួយកីឡាប៊ូល និងប៉េតង់កម្ពុជា បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធក្លឹប និងផ្តល់ឧកាសដល់កីឡាករ កីឡាការិនី ទូទាំងប្រទេស អាចចូលរួមដុះខាត់សមត្ថភាព និងជាវេទិការសម្រាប់សហព័ន្ធ សម្លឹងមើលកីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើប្រភេទកីឡានេះ ចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ យុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់ទៀត ។
ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមថា ការប្រកួតឆ្នាំកន្លងទៅ ខ្ញុំបានកត់សំគាល់ឃើញថាកីឡាករ កីឡាការិនីម្នាក់ៗ មានបច្ចេកទេសលេងខុសៗគ្នា ហើយពីមួយឆ្នាំទៅមួយឆ្នាំសមត្ថភាពក៍កាន់តែរីកចម្រើនឡើង តាមរយៈសាកល្បងសមត្ថភាពលើទីលាន ដើម្បីចែករំលែកបទពសោធន៍ និងរៀនសូត្រពីបច្ចេកទេស ពីគ្នាទៅវិញទៅមក ។
ឯកឧត្តម អ៊ិន គឹមស្រ៊ុន ប្រធានគណៈការរៀបចំការប្រកួត បានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើង ក្រោមកញ្ចប់ថវិការប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានចាប់ផ្តើមដំណើរនាថ្ងៃទី១៩ ដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ ដោយមានប្រតិភូ រាជធានីខេត្តចូលរួម ចំនួន២៧ មានប្រតិភូ កីឡាករ កីឡាការិនី សរុបចំនួន២៨៦នាក់។ ដោយក្នុងនោះបែងចែកជា២ប្រភេទ គឺវិញ្ញាសាបំពេញបន្ថែមក្រុមជម្រើសជាតិចំនួន ៤វិញ្ញាសា និង វិញ្ញាសាសម្រាប់ប្រកួតទូទៅមានចំនួន ៤វិញ្ញាសាដូចគ្នា។
ជាលទ្ធផល សម្ព័ន្ធកីឡាប៊ូលនិង ប៉េតង់កងយោធពលខេមរៈភូមិន្ទ ឈរចំណាត់ថ្នាក់លេខ១ ដណ្តើមបានមេដាយសរុបចំនួន៥ មាស៤ និង សំរឹទ្ធិ១ ។ ក្លឹបមជ្ឈមណ្ឌលកីឡាយោធពលខេមរៈភូមិន្ទ ឈរនៅចំណាត់ថ្នាក់លេខ២ ដណ្តើមបានមេដាយសរុបចំនួន ៣គ្រឿង លេខ៣ បានទៅក្លឹបយោធភូមិភាគពិសេស ដណ្តើមបានមេដាយសរុបចំនួន ២ មាស១ និង ប្រាក់១ និងក្លឹបអ័រគីដេ ដណ្តើមបានមេដាយសរុប២គ្រឿង។ ចំពោះ៩ក្លឹបផ្សេងទៀត ក៏ដណ្តើមបានមេដាយផងដែរ ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចត្រ និងងីម ឆៃហួត