មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលគាំទ្រ ផ្នែកឯកជនបង្កើតមូលនិធិជួយសាងសង់សាលារៀននៅក្នុងតំបន់ក្រីក្រដាច់ស្រយាល
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា រាជរដ្ឋាភិបាលគាំទ្រ និងលើកទឹក ចិត្តដល់ផ្នែកឯកជនជាចំណែកយមួយយ៉ាងសំខាន់នៅក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេស ពិសេស ទៅលើការបន្តសហការគ្នាបង្កើតមូលនិធិជួយសាងសង់សាលារៀននៅក្នុងតំបន់ក្រីក្រដាច់ស្រយាល ខណៈថវិកាដែលបានពីការកៀរគរនៃមូលនិធិសប្បុរសធម៌របស់ក្រុមធុរជននៃសមាជិកបណ្តាញពាណិជ្ជកម្មអន្តរជាតិ(BNI)កម្ពុជា ជាមួយអង្គការមូលធិនិ អេស៊ីលីដា-ចារឌីន(ACLEDA-JARDINES) ប្រមាណជាង៤ម៉ឺនដុល្លារ នឹងយកទៅប្រើប្រាស់សម្រាប់ការកសាងអគារសិក្សាមួយខ្នងនៅក្នុងសាលាបឋមសិក្សា រនាំង ស្ថិតក្នុងភូមិរនាំង ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។
ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងកម្មវិធីខួប៤ឆ្នាំ រាត្រីសមោសរ និងសប្បុរសធម៌ កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា ការបង្កើតមូលនិធិសប្បុរសធម៌នេះ ជាការបង្ហាញពីសាមគ្គីភាពគ្នាដ៏រឹងមាំមួយ ដែលមិនត្រូវតែការគាំទ្រគ្នាទៅវិញទៅមកក្នុងផ្នែកធុរកិច្ចប៉ុណ្ណោះទេ គឺថែមទាំងបង្ហាញពីការចូលរួមលើការងារក្នុងសង្គមជាតិផងដែរ។
ឯកឧត្តម សង្ឃឹមថា កម្មវិធីសប្បុរសធម៌នេះ នឹងមានជាបន្តបន្ទាប់ទៀត តាមរយៈការបណ្តុះស្មារតីសហគ្រិនភាពដល់ក្មេងៗ និងការចែករំលែកផ្សេងទៀតនៅតាមសាលា ។
សមាជិកBNI ជាន់ខ្ពស់បានគូសបញ្ជាក់ថា សមាជិកទាំងអស់តែងតែបានចូលរួមជាមួយអង្គការមូលធិនិ ACLEDA-JARDINES ជាវិភាគទានធ្វើកម្មវិធីសប្បុរសធម៌ ទៅលើការកសាងអគារសិក្សាទៅលើខេត្ត ឬតំបន់ណានៅដាច់ស្រយាល ដែលត្រូវការជំនួយច្រើនជាងគេ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤នេះ បានកៀរគរថវិកាពីសមាជិក បានជាង៤ម៉ឺនដុល្លារ ដើម្បីយកទៅកសាងអគារសិក្សាមួយខ្នងនៅក្នុងសាលាបឋមសិក្សា រនាំង ស្ថិតក្នុងភូមិរនាំង ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។
គួរបញ្ជាក់ថា BNI ខេមបូដា មកដល់ពេលនេះ មានអយុកាលជាង១០ឆ្នាំហើយ ដែលមានសមាជិកជាង ២០០០ នាក់ដោយបានចូលលរួមជួយលើកកំពស់ម្ចាស់អាជីវកម្មតាមរយៈពង្រឹងសតម្ថភាព ក្រុមការងារដែលជាម្ចាស់អាជីវកម្មផងដែរ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា