អង្គការ WWF បង្ហាញការប្តេជ្ញាចិត្តធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូដើម្បីអភិរក្សសត្វក្តាន់
(ភ្នំពេញ)៖ សត្វក្តាន់ គឺជាប្រភេទថនិកសត្វដែលគួរឱ្យស្រលាញ់ ដែលធ្លាប់រស់នៅតំបន់ដីសើម និងវាលស្មៅនៅអាស៊ីអាគ្នេយ៍យើងនេះ ។
បើតាមអង្គការ WWF-កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២៤ថាមានកត្តាប្រឈមជាច្រើនរបស់សត្វកម្រភេទនេះ ដូចជាការបាត់បង់ទីជម្រក ការធ្លាក់ចុះនៃចំនួនសត្វក្តាន់ និងការបរបាញ់ បានជំរុញឱ្យសត្វក្តាន់ ឈានដល់ការផុតពូជនៅក្នុងប្រទេសថៃ ឡាវ វៀតណាម និងចិន ។
នៅប្រទេសកម្ពុជា ក៏ត្រូវបានសន្និដ្ឋានថាបានផុតពូជផងដែរ រហូតដល់មានការរកឃើញឡើងវិញនៃវត្តមានសត្វក្តាន់ នៅខេត្តក្រចេះក្នុងឆ្នាំ២០០៦ និងខេត្តកោះកុងក្នុងឆ្នាំ២០០៨ ដែលបានក្លាយក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ។ តាមរយៈការស្រាវជ្រាវដែលកំពុងបន្តលើសត្វក្តាន់នៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ ២០២០ អង្គការ WWF-កម្ពុជា បានបញ្ជាក់ថា នៅសល់សត្វក្តាន់ តិចជាង ១០០ ក្បាល។ យើងត្រូវការវិធានការបន្ទាន់ដើម្បីកុំឱ្យប្រភេទសត្វក្តាន់នេះផុតពូជ ។
តាមពិតទៅសត្វក្តាន់ទាំងនេះក៏ចូលចិត្តស៊ីស្មៅដែលងាប់ៗដែរ សត្វទាំងនេះកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងផងដែរ ស្នែងរបស់ពួកវាអាចដុះរហូតដល់ប្រវែងមួយម៉ែត្រ ស្នែងជាអាវុធរបស់វាក្នុងពេលប្រយុទ្ធគ្នា ឬក៏ការពារខ្លួនចំពោះមុខសត្រូវ។ ក្រៅពីអាវុធលើក្បាលដែលគួរឱ្យញញើតរបស់ពួកវា សត្វក្ដាន់មានរូបរាងស្លូតបូតគួរឱ្យស្រឡាញ់។ ជើង និង ដងខ្លួនស្តើងស្រឡូនរបស់ពួកវា ធ្វើឱ្យពួកវាមានភាពរហ័សរហួន និងគួរឱ្យកត់សម្គាល់ ។
គួរបញ្ជាក់ថា សត្វក្តាន់ប្រភេទពូជសត្វពិសេសនេះ មានដើមកំណើតនៅតំបន់ជាច្រើនក្នុងទ្វីបអាស៊ីហើយបច្ចុប្បន្ននេះវាត្រួវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ចិន និងប្រទេសឥណ្ឌា ។
អង្គការ IUCN បានចុះបញ្ជីសត្វក្តាន់ ជាប្រភេទសត្វជិតផុតពូជ ដែលភាគច្រើនបណ្តាលមកពីការប្រមាញ់ដោយចង់បានស្នែងដែលគួរឱ្យចាប់អារម្មណ៍របស់ពួកវា។ អនាគតរបស់សត្វក្តាន់គួរឱ្យចាប់អារម្មណ៍ទាំងនេះ ពឹងផ្អែកលើការការពារពួកវា ពីគ្រោះថ្នាក់និងធានាថា ពួកវាមានជម្រកដើម្បីធំធាត់ ៕
ដោយ ៖ ម៉ាដេប៉ូ