យុវជនខេត្តសៀមរាបមួយចំនួនបារម្ភពីការបាត់បង់ខ្លែងឯក
សៀមរាប៖ខណៈរដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនៅទីតាំងអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប យុវជនមួយចំនួន ក៏បានបង្ហាញពីក្តីបារម្ភក្នុងការបាត់បង់បន្តិចម្តងៗនូវខ្លែងឯក ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃដោយសារអ្នកចេះដឹងអំពីខ្លែងឯក កាន់តែតិចទៅៗ។
មុនព្រឹត្តិការណ៍បង្ហោះខ្លែងមកដល់ យុវជនមួយក្រុម បានទៅចូលរួមរៀនជំនាញធ្វើខ្លែងឯកដោយផ្ទាល់ពីព្រឹទ្ធាចារ្យនៅតំបន់សៀមរាប។ លោក ហូ សម័យ ប្រធានក្រុមការងារយុវជនខេត្តសៀមរាបបាននិយាយថា ក្រុមយុវជនបានរៀនពីវិធីសាស្រ្តធ្វើខ្លែងឯក ដូចជា វិធីបិតឫស្សី និងការធ្វើកន្ទុយត្បាញស្លឹកត្នោត។ ក្រុមយុវជនជាង ៣០នាក់បានចូលរួមរៀនពីលោកតាស៊ន់ ដែលនៅភូមិព្រំកុដ្ឋ សង្កាត់បល័្លង្ក ។
ចំណែកលោក លឺ ភារុណ ប្រធានក្រុមការងារយុវជនក្រុងរុនតាឯកតេជោសែន ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានផ្តល់សារសំខាន់លើការរៀនជំនាញធ្វើខ្លែងឯកបន្តពីព្រឹទ្ធាចារ្យដែលមានជំនាញពិតប្រាកដ ។លោកថា ការរៀនសូត្រនេះមិនត្រឹមតែជាសកម្មភាពស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្រ្តអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីមួយនេះដល់សម័យក្រោយ។
លោក ខៀវ ប្រសើរ ប្រធានផែនការនិងរបាយការណ៍បានអំពាវនាវដល់យុវជនឱ្យចូលរួមថែរក្សាមរតកវប្បធម៌ប្រពៃណី ដោយស្វែងយល់និងសិក្សាអំពីវប្បធម៌ដែលស្ទើរតែបាត់បង់នេះ។លោកបន្តថា សារមន្ទីរខ្លែងខ្មែរត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៣ តែការចាប់អារម្មណ៍ពីសំណាក់យុវជននៅតែមានកម្រិតតិច។
ព្រឹត្តិការណ៍បង្ហោះខ្លែងឯករយៈពេល៣ថ្ងៃនៅចុងខែធ្នូ ខាងមុខនឹងផ្ដល់ឱកាសឱ្យខ្លែងឯកប្រមាណ១០០ និងខ្លែងសេរីចូលរួមដើម្បីបង្ហាញ និងលើកស្ទួយវប្បធម៌ខ្មែរ។ព្រឹត្តិការណ៍នេះ ដើម្បីរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរ និងផ្សព្វផ្សាយពីប្រវត្តិខ្លែងឯកខ្មែរដែលដូនតាបានចារឹកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌របស់ដូនតាខ្មែរ។
យុវជនខេត្តសៀមរាបក៏បានរំពឹងថាខ្លែងឯកនេះនឹងត្រូវចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងរយៈពេលឆាប់ៗខាងមុខក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
អត្ថបទនិងរូបភាព៖ ប៊ុនរដ្ឋា