វៀតណាមបើកដំណើរការរថភ្លើងក្រោមដីដំបូង ៦ម៉ោង អ្នកជិះ៥ម៉ឺននាក់

ហាណូយ ៖ កាសែតវៀតណាម Vietnamnet បានចេញផ្សាយថា អ្នកដំណើរ ជាង ៥ម៉ឺន៥ពាន់នាក់ បានសម្រុកជិះរថភ្លើងក្រោមដី នៅទីក្រុងហូជីមិញ មិនគិតថ្លៃ ក្នុងរយៈពេលត្រឹម៦ម៉ោង នៃថ្ងៃបើកដំណើរការ ជាលើកដំបូង កាលពីថ្ងៃអាទិត្យ។

រថភ្លើងក្រោមដី Metro Line 1 នេះ មានចម្ងាយផ្លូវប្រវែងជិត ២០គីឡូម៉ែត្រ។ ឡានក្រុងអគ្គិសនីចំនួន១៧គ្រឿង ក៏ត្រូវបានដាក់ឱ្យដំណើរការដឹកអ្នកដំណើរ មិនគិតថ្លៃ ទៅកាន់ស្ថានីយរថភ្លើងក្រោមដី អំឡុងការជិះ Free ៣០ថ្ងៃនេះ ផងដែរ។ អ្នកដំណើរអាចរីករាយនឹងការជិះ ដោយមិនចាំបាច់មានសំបុត្រ ប៉ុន្តែអ្នកដំណើរត្រូវបានជំរុញឱ្យតម្រង់ជួរ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងផ្តល់អាទិភាពដល់មនុស្សចាស់ កុមារ និងជនពិការ។ បើតាមយោងតាមលោក Van Thi Huu Tam នាយករង ក្រុមហ៊ុន HURC1 បានឱ្យដឹងថា ខ្សែរថភ្លើងនេះដំណើរការ តាំងពីព្រឹក រហូតដល់ ម៉ោង១០ យប់ នេះបើតាមកាសែត Vietnamnet ដដែល។

រីឯកាសែត VNexpress វិញ បានចេញផ្សាយថា បន្ទាប់ពីជិះមិនគិតថ្លៃ ១ខែ អ្នកដំណើរនឹងមានជម្រើស ក្នុងការទិញសំបុត្រជិះ ក្នុងនោះ មានតម្លៃសម្រាប់ជិះតែមួយដង, ជិះមួយថ្ងៃ, បីថ្ងៃ ឬ ជាប្រចាំខែ។

បើសំបុត្រជិះម្តងនឹងមានតម្លៃ ចាប់ពី ០.២៧ ដុល្លារ ទៅ ០.៧៩ ដុល្លារអាមេរិក អាស្រ័យលើចម្ងាយផ្លូវធ្វើដំណើរ ដែលមានស្ថានីយ ជាង១០កន្លែង រួមទាំង ស្ថានីយក្រោមដី ៣កន្លែង។

ប្រភពបាបន្តថា ផ្លូវរថភ្លើងក្រោមដីដំបូង របស់ទីក្រុងហូជីមិញនេះ ត្រូវបានចាប់ផ្តើមសាងសង់ ក្នុងខែសីហា ឆ្នាំ២០១២ ចំណាយអស់ ១.៧២ពាន់លានដុល្លារអាមេរិក។ ដំបូងឡើយ គ្រោងថា បញ្ចប់ការសាងសង់ ចាយពេលត្រឹម៦ឆ្នាំ ប៉ុន្តែ ពន្យាពេល ១២ឆ្នាំ មកដល់បច្ចុប្បន្ន ទើបដំណើរការ៕

ប្រភពពី Vietnamnet និង VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner