កីឡាករ កីឡាការិនី ចូលរួមប្រកួត Flying Bikes Short Track MTB Challenge 2024 មានសិទ្ធផលកើនឡើងខ្ពស់ៗគួរឱ្យកត់សម្គាល់
(ភ្នំពេញ)៖ លោក យឿន ភីយុទ្ធ អ្នករៀបចំព្រឹត្តិការណ៍កីឡាប្រណាំងទោចក្រយាន Flying Bikes Short Track MTB Challenge ឆ្នាំ២០២៤ ជាមួយលោក ព្យែរ អ៊ីវកាទ្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡានេះមានចំនួនកីឡាករ កីឡាការិនីតាំងពីវ័យកុមារដល់វ័យចំណាស់ច្រើនជាង ២០០នាក់ បានចូលរួមប្រកួតប្រជែងលើ១០វិញ្ញាសា ហើយសិទ្ធផលរបស់ពួកគាត់ក៏កើនឡើងខ្ពស់ៗ គួរឱ្យកត់សម្គាល់ដែរ។
ការប្រកួត Flying Bikes Short Track MTB Challenge ដែលបានធ្វើឡើងនៅទីលានស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចូលរួមមានចំនួន ២៥០នាក់មកពីក្លឹប រាជធានីខេត្ត ក្នុងនោះមានកីឡាករ កីឡាការិនីបរទេសចំនួន ៣០នាក់ មកពីអាល្លឺម៉ង ហ្វីលីពីន បារាំង ស្វីសជាដើម។
លោក យឿន ភីយុទ្ធ បានសង្កត់ធ្ងន់ថា យើងបានរៀបចំនួន ១០វិញ្ញាសាអាយុចន្លោះពី ៨ដល់១១ឆ្នាំ ១២ឆ្នាំ ១៣-១៤ឆ្នាំ ១៧-១៨ឆ្នាំ ដោយមានកីឡាករ កីឡាការិនីចូលរួមប្រកួតច្រើនរហូតដល់ ១៤០នាក់ ១៩-២៩ ឆ្នាំ ៣០-៣៩ និងClass Master ចាប់ពី៤០ឆ្នាំឡើង កីឡាករវ័យចាស់ Class VIP និងកម្រិតអាជីព Class A ជាដើម។
បន្ថែមពីលើនេះ អ្នកជំនាញរៀបចំរូបនេះបន្ថែម ការរៀបចំការប្រកួត ឆ្នាំ២០២៤នេះ មានលក្ខណៈល្អប្រសើរខ្លាំង ដោយកីឡាករ កីឡាការិនីចូលរួមបង្ហាញគុណផលកម្រិតខ្ពស់ៗ បើទោះបីជាទីលានខ្លីក៏ពិតមែន ប៉ុន្តែស្ថានភាពរបស់កីឡាករ កីឡាការិនីមិនមានពេលសម្រាកនោះទេ ដោយពួកគាត់កាន់តែហត់ ដោយយើងហៅវិញ្ញាសាកង់ភ្នំ Short Track ដែលជាវិញ្ញាសាថ្មី។ ជាការកត់សម្គាល់ គឺកីឡាករ កីឡាការិនី ក្នុងកម្រិតអាជីព និងពាក់កណ្តាលអាជីព ដែលកាលពីឆ្នាំមុន ធ្វើសម្រេចបានជិត ២នាទី ប៉ុន្តែការប្រកួតឆ្នាំនេះ ពួកគាត់ធ្វើបានត្រឹមតែជាង ១នាទីស្តើងប៉ុណ្ណោះ។
លោក យឿន ភីយុទ្ធ ដែលស្ថិតនៅក្នុងសហព័ន្ធកីឡាទោចក្រយានកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា វិញ្ញាសាកង់ភ្នំ Short Track នេះ គឺត្រូវនឹងទីលាននៅព្រែកលៀបនេះ សម្រាប់ការប្រកួត និងហ្វឹកហាត់ជាមួយនឹងវិញ្ញាសា ដែលដាក់ឱ្យប្រកួតនៅក្នុងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដែលគ្រោងនឹងធ្វើឡើងនាចុងឆ្នាំ២០២៥ខាងមុខ។
តាមរយៈព្រឹត្តិការណ៍ Flying Bikes Short Track MTB Challenge ឆ្នាំ២០២៤នេះពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីកម្ពុជាបានស្វែងយល់អំពីបច្ចេកទេសនៃវិញ្ញាសានីមួយៗបានបញ្ចេញសមត្ថភាព ហើយសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានជ្រើសរើសធនធានយុវជនថ្នាលក្រោមអាយុ១៨ឆ្នាំ និងក្រោម ២៣ឆ្នាំចូលរួមក្នុងក្រុមជម្រើសជាតិ។
ជាមួយគ្នានេះ លោក យឿន ភីយុទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលតែងតែអនុញ្ញាតឱ្យយើងខ្ញុំបានរៀបចំរាល់កម្មវិធីប្រកួតទាំងអស់ ដោយឯកឧត្តមប្រធានតែងតែជួយជ្រោមជ្រែងលើកទឹកចិត្ត ក្នុងដំណើរការអភិវឌ្ឍជំនាញកីឡាទោចក្រយានឱ្យមានការរីកចម្រើនកាន់តែប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ អ្នករៀបចំព្រឹត្តិការណ៍រូបនេះក៏ថ្លែងអំណរគុណដល់ក្រុមហ៊ុនដៃគូឧបត្ថម្ភទាំងអស់ដែលផ្តល់ការគាំទ្រដល់ព្រឹត្តិការណ៍ដំណើរការដោយរលូន និងជោគជ័យ។
គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញលើ១០វិញ្ញាសា គណៈកម្មការជំនាញបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីទាំងអស់ ដោយគុណភាពបច្ចេកទេសរបស់ជ័យលាភីទាំងអស់បានបង្ហាញពីសក្តានុពលខ្លាំងៗផងដែរ សម្រាប់ជាធនធានសម្រាប់ជាតិ ក្នុងវិស័យកីឡាទោចក្រយានផងដែរ៕
អត្ថបទ -រូបភាព ៖ ចាន់ វិចិត្រ និងងីម ឆៃហួត