វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋាន​គតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ កាលពីថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានបើកវគ្គសុក្រឹតការ ស្តីពី “ច្បាប់​និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ដល់​អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញ​មុខងារ​ជានគរបាលយុត្តិធម៌ នាពេលខាងមុខ។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៨ រួមមាន៖

(១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ (២).ជំនាញគន្លឹះ​នៃការ​សម្រុះសម្រួលផ្សះផ្សាវិវាទ (៣).តួនាទី ភារកិច្ច និងអំណាចអធិការការងារ (៤).អធិការកិច្ចសន្ដិសុខសង្គម (៥).អធិការកិច្ចការងារហត្ថពលកម្ម​បរទេស​ (៦).អធិការកិច្ចការងារកុមារ (៧)ការកំណត់ប្រាក់ឈ្នួលអប្បបរមា និង(៨)នីតិវិធីនៃការដោះស្រាយវិវាទការងារ។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម អ៊ិន ខេមរា បានស្នើដល់​សិក្ខា​កាមទាំងអស់នូវចំណុចមួយចំនួនដូចជា (១).យកចិត្តទុកដាក់ស្តាប់ និង​ចាប់យកនូវខ្លឹ​មសារបច្ចេកទេសពីការធ្វើបទបង្ហាញ (២).លើកអំពី​បញ្ហា​ប្រឈមក្នុងការអនុវត្តជាក់ស្តែងដើម្បីពិភាក្សា និងរកដំណោះស្រាយប្រកប​ដោយប្រសិទ្ធភាព (៣).អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាអធិការការងារ​ប្រកប​ដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាម​បទបញ្ជា​ផ្ទៃក្នុង ក្រមសីលធម៌ និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ច​ការងារ​ដែលជាគោលការណ៍គ្រឹះសម្រាប់មន្ត្រីអធិការកិច្ចការងារត្រូវអនុវត្ត (៤).បន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ និងពីបងប្អូន​កម្មក​រនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន និង(៥).បន្តចូលរួមអនុវត្តផែន​ការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ពាក់​ព័ន្ធនឹងវិស័យការងារ និងសន្តិសុខសង្គម៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner