ទិដ្ឋភាពនៃការរៀបចំតុបតែងនៅទីតាំងបរិវេណសួនមុខព្រះបរមរាជវាំងឆ្ពោះទៅព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ យុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍សាទរកម្ពុជា កំពុងសមសម្តែងការបង្ហូតទង់ជាតិនៅមុខព្រះបរមរាជវាំង ដើម្បីឆ្ពោះទៅកាន់ការសម្តែងនៅក្នុងព្រឹត្តិការសាទរកម្ពុជាដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ លើសពីការមើលឃើញទង់ជាតិ លើសពីការស្តាប់លឺភ្លេងជាតិ និងលើសពីការក្រោកឈរគោរពទង់ជាតិ តែជាការផ្សារភ្ជាប់មនោសញ្ចេតនាទៅកាន់ទង់ជាតិកម្ពុជា ដោយការរួបរួមសាមគ្គី ឯកភាពទៅជាកម្លាំងជាតិតែមួយក្រោមទង់នៃប្រជាជាតិ ទង់នៃព្រះរាជាណាចក្រកម្ពុជា។
«សាទរកម្ពុជា» ជាព្រឹត្តិការណ៍អបអរសាទរសង្គម និងគុណតម្លៃរួមគ្នា ដែលសសយកធ្វើឡើងដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងផ្សាភ្ជាប់ប្រជាជនទៅសង្គមជាតិ តាមរយៈកម្មវិធីនានា។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ២៥រាជធានី ខេត្ត និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។
សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដើម្បីផ្តល់ឱកាសនៃការជួបជុំប្រជាពលរដ្ឋខ្មែរដើម្បីសាទរនូវ សមិទ្ធផលទាំងឡាយដែលប្រទេសជាតិយើងសម្រេចបានជាច្រើនក្នុងដំណាក់កាលចុងក្រោយនៃប្រវត្តិសាស្រ្ត។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវស្នាមញញឹម ភាពសប្បាយរីករាយ ការជួបជុំគ្នាជាលក្ខណៈមហាគ្រួសារខ្មែរនៅក្រោមទង់ជាតិតែមួយ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា









