បាក់ស្ពានប្រេស៊ីលធ្លាក់ទាំងឡានដឹកអាស៊ីតចូលទន្លេ

បរទេស៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃចន្ទថា មនុស្សម្នាក់បានស្លាប់ និង ១៦នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីការបាក់ស្ពាន ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងប្រទេសប្រេស៊ីល ខណៈដែលមានមានភាពស្មុគស្មាញខ្លាំងដល់ការសង្គ្រោះ ព្រោះឡានផ្ទុកអាស៊ីតក៏បានធ្លាក់ចូលទៅក្នុងទឹកផងដែរ។

ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យ នៅលើស្ពាន Juscelino Kubitschek de Oliveira ដែលតភ្ជាប់រវាងរដ្ឋ Maranhao និង Tocantins ។

អ្នកនាំពាក្យប៉ូលិសបានប្រាប់ AFP ថា នៅពេលដែលផ្នែកមួយ នៃស្ពានបានធ្លាក់ចុះមក បណ្តាលឲ្យរថយន្ត និង ម៉ូតូជាច្រើនគ្រឿង បានធ្លាក់ចូលទន្លេ ដែលក្នុងនោះ មានឡាន២គ្រឿងផ្ទុកអាស៊ីត ស៊ុលហ្វួរិក។ ព្រោះតែ ទំនិញគ្រោះថ្នាក់ទាំងនេះ បានជំរុញឱ្យមន្ត្រី ផ្អាកប្រតិបត្តិការរុករក នៅព្រឹកថ្ងៃចន្ទ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ការផ្គត់ផ្គង់ទឹកដល់សហគមន៍ ក្នុងតំបន់ក៏ត្រូវបានផ្អាកផងដែរ ដោយសារតែការបំពុលដោយអាស៊ីត ដែលអាច «ពុល»។

ស្ពាននេះមានប្រវែងជាងកន្លះគីឡូម៉ែត្រ លាតសន្ធឹងលើទន្លេ Tocantins រវាងទីក្រុង Estreito និង Aguiarnopolis ហើយបម្រើជាផ្លូវសំខាន់ ដែលតភ្ជាប់រដ្ឋប្រេស៊ីល ទាំងពីរ។

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់ប្រទេសប្រេស៊ីលបាននិយាយថា ស្ពានមួយនេះត្រូវបានសាងសង់ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ រីឯ មូលហេតុនៃការបាក់រលំ កំពុងត្រូវបានស៊ើបអង្កេត បន្ថែម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner