កសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីកសិកម្មឃុំ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ ប្រមូលទិន្នន័យ និងផ្សព្វផ្សាយបច្ចេកទេស ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលអាចជួយដល់ប្រជាកសិករនូវបញ្ហាបច្ចេកទេស និងទីផ្សារ។

ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគម្រោងត្រូវគិតគូរផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំ បានយល់ដឹងពីបច្ចេកទេសផ្សព្វផ្សាយដល់ប្រជាកសិករកាន់តែប្រសើរឡើងមួយកម្រិតទៀត និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។

សម្រាប់សំណើកសាងហេដ្ឋារចនាសម្ព័ន្ធនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការងារនេះត្រូវមានផែនការច្បាស់លាស់ដោយគិតគូរស៊ីជម្រៅពីឈ្មោះនៃមហាវិទ្យាល័យ មានការគ្រប់គ្រងច្បាស់លាស់ និងអាចផ្តល់នូវទីផ្សារការងារបានទូលំទូលាយ សម្រាប់និស្សិតពេលបញ្ចប់ការសិក្សា ជាពិសេសក្រុមហ៊ុននាំចូលធាតុចូលកសិកម្ម និងបណ្តាក្រុមហ៊ុននានាផ្សេងទៀត ។

សូមជម្រាបជូនថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីរាយការណ៍ពីលទ្ធផលនៃការចុះសិក្សាស៊ីជម្រៅលើសំណើគម្រោង (Building of Integrated Agricultural Extension-Education-Research Nexus of Climate Change Adaptation in Cambodia) ដើម្បីពិនិត្យនិងពិភាក្សាមុននឹងឈានដល់នីតិវិធីបន្ទាប់ និងស្នើសុំអនុសាសន៍ណែនាំពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner