រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ដី នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ដីទំហំជាង ៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត សម្រាប់សមាគម បានបំពេញការងារកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃកម្ពុជា នាព្រឹកថ្ងៃទី២៤ធ្នូនេះ នៅមជ្ឈមណ្ឌលមន្និបាតនិងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន ។

ឯកឧត្ដម ឃួង ស្រេង លើកឡើងថា៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ លើកិច្ចការងារបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។ ដូច្នេះដើម្បីអោយការងារកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ដីទំហំជាង ៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនេះឡើង ។

ឯកឧត្ដម ឃួង ស្រេង បន្តថា៖ សន្តិបាតនេះមានគោលបំណងសរុបវាយតម្លៃ ពិនិត្យវឌ្ឍនៈភាពការងារនិងបញ្ហាប្រឈមនានារបស់សមាគមក្រុមប្រឹក្សារាជធានី ខេត្ត សម្រេចបានកន្លងមក។សមាគមក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងតាមរយៈអង្គសន្និបាតនាថ្ងៃទី២៧ និង ២៨ មីនា ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ ដោយគិតមកដល់ពេលនេះបានរយៈពេល ១១ឆ្នាំហើយ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា ៖ យើងបានបញ្ជប់វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានមតិ យោបល់ សំណើរនិងសំណូមពរជាច្រើនពីប្រជាពលរដ្ឋ មកដោះស្រាយ ជាមួយនិងការអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចម្រើនបន្ថែមទៀត ដែលនេះពិតជាបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបានមានប្រសាសន៍ថា ៖ អង្គមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅមានរយៈពេលមួយថ្ងៃកន្លះ ដោយមានការបោះឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។

ឯកឧត្ដម ម៉ប់ សារិន បន្តថា៖ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងជាពិសេសគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាត នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។

ឯកឧត្ដម ម៉ប់ សារិន ក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ឃួង ស្រេង ដែលបានផ្តល់ដីទំហំជាង ៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ ដើម្បីសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងការបំពេញការងាររបស់សមាគម ដោយគ្រោងសាងសង់នៅក្នុងឆ្នាំ២០២៥នេះ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner