សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង (Le Haoi Trung) សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។

សម្តេចតេជោ បានស្វាគមន៍ និង ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នឹងចូលរួមចំណែកពូនជ្រុំនូវទំនាក់ទំនងដ៏ល្អ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយរវាងគណបក្ស និងប្រទេសទាំងពីរឱ្យឡើងមួយកម្រិតទៀត។

ឯកឧត្តម ឡេ ហាយជុង បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងការអរគុណដែល សម្តេច បានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម ។

ឯកឧត្តមក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម To Lam អគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម ឯកឧត្តម Luong Cuong ប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្រ្តី Pham Minh Chinh ។

ឯកឧត្តម បានអបអរសាទរចំពោះសមិទ្ធផលធំៗដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ព្រមទាំងកិត្យានុភាពរបស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ។

សម្ដេចតេជោ បានអរគុណចំពោះឯកឧត្តមដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម To Lam អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម Luong Cuong ប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្រ្តី Pham Minh Chinh ។

សម្តេចតេជោ ក៏បានបញ្ជាក់ឱ្យឃើញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងស្មារតី «ពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» និងការជឿជាក់ទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះតាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះឱ្យមានភាពរឹងមាំជារៀងរហូតមក។

សម្ដេចជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម តូ ឡឹម ជាប្រមុខ ប្រទេសវៀតណាម នឹងសម្រេចបាននូវគោលដៅ «ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់ នៅឆ្នាំ២០៤៥ » ។

តាមរយៈ ឯកឧត្តម ឡេ ហាយជុង សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុកខ និងជូនពរ ឯកឧត្តម To Lam អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម Luong Cuong ប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្រ្តី Pham Minh Chinh ក្នុងឱកាសចូលឆ្នាំថ្មី២០២៥ និងចូលឆ្នាំថ្មីវៀតណាម ដែលនឹងចូលមកដល់ក្នុងពេលខាងមុខផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner