រាជរដ្ឋាភិបាល ​នឹងនៅតែ​បន្តគាំទ្រ ដល់​សកម្មភាព​ និងបេសកកម្មរបស់វិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ​នឹងនៅ​តែ​បន្តការគាំទ្រ ដល់​សកម្មភាព​ និងបេសកកម្មរបស់វិទ្យាសា្ថន បណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា និងលើកទឹកចិត្តឱ្យ CDRI សហការ​លេីកស្ទួយវិស័យ​ស្រាវជ្រាវ​នៅ​កម្ពុជា​ ។

នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់​ CDRI នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។

លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃបេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូលផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់កាលទី​១​ របស់រាជ​រដ្ឋាភិបាល។

លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតីអំពីទិសដៅអនាគតរបស់ CDRI និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI ដែលផ្តោតលេី៖ ការប្រមូល និងវិភាគទិន្នន័យ, ការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ, ការលើកកម្ពស់ការសិក្សា និងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ និងការផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនកម្ម អំពីការស្រាវជ្រាវ និងការវិភាគ​ ជាដេីម។

សម្ដេចបវរធិបតីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេច​បវរ​ធិបតី​ បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​នឹងនៅ​តែ​បន្តការគាំទ្រដល់​សកម្មភាព​ និងបេសកកម្មរបស់ ​CDRI និងលើកទឹកចិត្តឱ្យ CDRI បន្តចូលរួមសហការជាមួយ​ ក្រសួង​-​ស្ថាប័នរបស់រាជរដ្ឋាភិបាល​ និងស្ថាប័នស្រាវជ្រាវនានា​ ដេីម្បី​លេីកស្ទួយវិស័យ​ស្រាវជ្រាវ​នៅ​កម្ពុជា​ ឱ្យមានការចូលរួមកាន់តែ​ផុសផុល​ និង​រីកលូតលាស់បន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner