សម្ដេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចខិត​ខំប្រឹងប្រែង​របស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែក​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ការវាយតម្លៃរបស់សម្តេចធិបតី ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃបេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូលផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ, លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីទិសដៅអនាគតរបស់ CDRI និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI ដែលផ្តោតលើ៖ ការប្រមូល និងវិភាគទិន្នន័យ, ការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ, ការលើកកម្ពស់ការសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ និងការផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនកម្មអំពីការស្រាវជ្រាវ និងការវិភាគ ជាដើម។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងនៅតែបន្តការគាំទ្រដល់សកម្មភាព និងបេសកកម្មរបស់ CDRI និងលើកទឹកចិត្តឱ្យ CDRI បន្តចូលរួមសហការជាមួយ ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងស្ថាប័នស្រាវជ្រាវនានា ដើម្បីលើកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជា ឱ្យមានការចូលរួមកាន់តែផុសផុល និងរីកលូតលាស់បន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner