ប្រធានាធិបតីហ្វីលីពីនបង្កើតច្បាប់អប់រំសុខភាពផ្លូវចិត្តនៅតាមសាលារៀន
ម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានអនុម័តវិធានការមួយ ដែលមានគោលបំណងលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព នៅក្នុងការអប់រំជាមូលដ្ឋាន តាមរយៈកម្មវិធីអប់រំសុខភាពផ្លូវចិត្តជាមូលដ្ឋាននៅតាមសាលារៀនរដ្ឋ និងឯកជនទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន inquirer។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងពិធីមួយនៅឯវិមានប្រធានាធិបតី Malacañan លោក Marcos បានអនុម័តច្បាប់សាធារណរដ្ឋលេខ 12080 ឬហៅថា “ច្បាប់ស្តីពីការអប់រំសុខភាពផ្លូវចិត្ត និងការលើកកម្ពស់សុខុមាលភាពជាមូលដ្ឋាន”។ ច្បាប់ថ្មីនេះមានគោលបំណងពង្រឹងគំនិតផ្តួចផ្តើមអប់រំសុខភាពផ្លូវចិត្តនៅតាមសាលារៀនទាំងអស់ ពោលគឺទាំងសាលារដ្ឋ និងឯកជន។
ស្ថិតក្រោមច្បាប់ថ្មីនេះ ហ្វីលីពីននឹងបង្កើតមុខតំណែងទីប្រឹក្សាសាលាថ្មី និង មជ្ឈមណ្ឌលថែទាំសុខភាពផ្លូវចិត្តនៅតាមសាលារៀន ព្រមទាំងការិយាល័យសុខភាពផ្លូវចិត្ត និងសុខុមាលភាព ដើម្បីដើរតួនាទីត្រួតពិនិត្យការអនុវត្តច្បាប់ថ្មីនេះ។ កន្លងមក សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី Risa Hontiveros បានសង្កត់ធ្ងន់ថា ច្បាប់ថ្មីនេះ នឹងពង្រឹងបន្ថែមទៀតដល់ច្បាប់សាធារណរដ្ឋលេខ 11036 ឬច្បាប់សុខភាពផ្លូវចិត្ត។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ គឺជាមូលហេតុចម្បងនៃការធ្លាក់ខ្លួនឈឺ និងពិការភាព ក្នុងចំណោមមនុស្សវ័យជំទង់ ហើយការធ្វើអត្តឃាត ក៏ជាមូលហេតុចម្បងនៃការស្លាប់របស់មនុស្សដែលមានអាយុពី ១៥ ទៅ ១៩ឆ្នាំ។
យោងតាមទិន្នន័យពីនាយកដ្ឋានអប់រំហ្វីលីពីន (DepEd) ក្នុងអំឡុងឆ្នាំ ២០២១-២០២២ បានគូសបញ្ជាក់ថា មានសិស្សធ្វើអត្តឃាតចំនួន ៤០៤នាក់ និងប៉ុនប៉ងធ្វើអត្តឃាតជាង ២,១០០នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Philstar៕
ប្រភព ៖ inquirer និង Philstar ប្រែសម្រួល ៖ ឈឹម ទីណា