យោធាអាមេរិកបាញ់យន្តហោះចម្បាំងខ្លួនឯង

បរទេស៖ នាវាផ្ទុកមីស៊ីលអាមេរិក USS Gettysburg ដែលកំពុងធ្វើប្រតិបត្តិការ នៅលើសមុទ្រក្រហម បានច្រលំបាញ់ចំយន្តហោះចម្បាំងមួយគ្រឿងរបស់ខ្លួន ឈ្មោះ F/A-18 Hornet ប៉ុន្តែ អ្នកបើកយន្តហោះពីរនាក់ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរងរបួស ហើយត្រូវបានជួយសង្គ្រោះ នេះបើតាមគេហទំព័រ Skynews កាលពីថ្ងៃអាទិត្យ។

ការស៊ើបអង្កេតកំពុងដំណើរការ បន្ទាប់ពីកើតហេតុ ហើយយោធាអាមេរិកបានពិពណ៌នាថា ជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុត ក្នុងការគំរាមកំហែងដល់ទាហានអាមេរិក មិនធ្លាប់មាន ក្នុងរយៈពេលជាងមួយឆ្នាំ ដែលយោធាអាមេរិក និងបណ្តាសម្ព័ន្ធមិត្តអឺរ៉ុប កំពុងផ្តោតលើក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន ដែលកំពុងធ្វើការវាយប្រហារនាវាពាណិជ្ជកម្ម លើសមុទ្រក្រហម ដើម្បីជាការគាំទ្រដល់ប៉ាឡេស្ទីន នៅហ្គាហ្សា។

មិនទាន់មានការបញ្ជាក់ភ្លាមៗ ពីនាវា USS Gettysburg ដែលថា ច្រឡំ F/A-18 Hornet ជាយន្តហោះសត្រូវ ឬ យ៉ាងណានោះទេ ដោយគេដឹងថា កប៉ាល់នៅក្នុងក្រុមសមរភូមិរបស់អាមេរិក ជាទូទៅ ត្រូវបានភ្ជាប់ទំនាក់ទំនង ទាំងរ៉ាដា និងវិទ្យុ។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ជាការកណ្តាលបាននិយាយថា នៅមុនពេលកើតហេតុកម្រនេះ នាវាចម្បាំង និងយន្តហោះអាមេរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និង កាំជ្រួចប្រឆាំងនាវា ជាច្រើន របស់ពួកឧទ្ទាម Houthi នេះបើតាម Skynews ដដែល៕

ប្រភពពី Skynews ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner