បុណ្យឆ្លងឆ្នាំ ថៃរំពឹងកើបលុយ១.៨ពាន់លានដុល្លារពីទេសចរណ៍

បាងកក៖ ប្រទេសថៃបានដាក់គោលដៅ ប្រមូលចំណូល ៦២ពាន់លានបាត ឬ ស្មើនឹង ១.៨ពាន់លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍
អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី នេះបើយោងតាមលោក Thapanee Kiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT។

គេហទំព័រ MSN បានចេញផ្សាយ កាលពីថ្ងៃចន្ទ ដោយបានដកស្រង់សម្តីរបស់ ប្រធាន TAT រូបនេះ ដែលបានអះអាងថា ចំនួនភ្ញៀវទេសចរបរទេស ក្នុងអំឡុងពេលបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំ២០២៥ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១.៥៦លាននាក់ ហើយបង្កើតប្រាក់ចំណូលប្រមាណ ៤៥ពាន់លានបាត ក្នុងវិស័យទេសចរណ៍។

លោកក៏បានដាក់ក្តីរំពឹងខ្ពស់ពីទីផ្សារទេសចរក្នុងស្រុកផងដែរ ក្នុងនោះ មានការព្យាករណ៍ថា ទេសចរថៃប្រមាណ ៤.៤១លាននាក់ ចំណាយក្នុងចរន្តសេដ្ឋកិច្ច បង្កើតចំណូលពីវិស័យនេះ ចំនួន១៧ពាន់លានបាត។
ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានប្រកាសឲ្យឈប់សម្រាក ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែធ្នូដល់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ដែលអាចជាកត្តាជំរុញទឹកចិត្តយ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរ។

ប្រភពបានបញ្ចាក់ទៀតថា មានកត្តាផ្សេងទៀត ដែលត្រូវបានគេរំពឹងថា នឹងជំរុញកំណើនផងដែរ ក្នុងនោះ មានវិធានការលើកលែងទិដ្ឋាការសម្រាប់ជនបរទេស មកពីប្រទេសចំនួន ៩៣ ជាដើម។ ប្រធានអាជ្ញាធរទេសចរណ៍ថៃបាននិយាយទៀតថា ការបើកដំណើរការផ្លូវហោះហើរថ្មី យ៉ាងហោចណាស់ ចំនួន ៣០ សម្រាប់ទីផ្សារសំខាន់ៗ ដូចជា ចិន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ឥណ្ឌា និងបារាំង ជាដើម នឹងពង្រឹងភាពងាយស្រួលបន្ថែមទៀត។

ជាមួយគ្នានេះ ការកើនឡើងប្រជាប្រិយភាពរបស់ប្រទេសថៃ ក៏ជាកត្តាជំរុញដ៏សំខាន់ផងដែរ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានទទួលស្គាល់ដោយប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដូចជា Condé Nast Traveler ថា ជាប្រទេសស្ថិតក្នុងចំណោមកន្លែងល្អបំផុតទាំង២០ របស់ពិភពលោក សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី។

ដើម្បីដោះស្រាយកង្វល់ អំពីតម្លៃសំបុត្រយន្តហោះខ្ពស់ រដ្ឋាភិបាលថៃកំពុងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ដើម្បីផ្តល់ជូននូវការបញ្ចុះតម្លៃ ៣០% សម្រាប់តំបន់ទេសចរណ៍ពេញនិយម រួមមាន ឈៀងម៉ៃ ឈៀងរ៉ៃ ក្រាប៊ី ភូកេត សាមុយ អ៊ូដនថានី អ៊ូប៊ុនរ៉ាត់ថានី និងខនខេន៕

ប្រភពពី MSN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner