ក្រសួងការងារ និងក្រុមហ៊ុនHONDA ឯកភាពគ្នាលើ​”គម្រោងបណ្តុះបណ្តា​ល​អ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD បានចុះហត្ថលេខាលើ​អនុស្ស​រណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KOSHIRO MUTO នាយកប្រតិបត្តិនៃក្រុមហ៊ុន HONDA CARS HAKATA CO., LTD។

អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខារួមគ្នា នៅទី​ស្តីការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ មានសុពលភាពសម្រាប់រយៈពេល ៤ឆ្នាំ ដោយមានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាង​ភាគីទាំងពីរលើការបណ្ដុះបណ្តាលជំនាញតោន និង បាញ់ថ្នាំស្របតាម​ស្ដង់ដា​របស់​ក្រុមហ៊ុន HONDA CARS HAKATA CO., LTD នៃប្រទេស​ជប៉ុន ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្តាល​ជំនាញឯកទេសជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានបច្ចេកទេស​ឧស្សា​ហកម្ម (ITI) ។

ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគ​យល់​គ្នា​នាពេលនេះ គឺជាសក្ខីភាពក្នុងការផ្តល់អត្ថប្រយោជន៍សំខាន់ៗ​ដល់​ស្ថាប័នទាំងពីរ ពោលគឺសម្រាប់យុវជន យុវនារីកម្ពុជានឹងទទួលបានជំនាញ និងឱកាសបំពេញការងារក្នុងជំនាញតោន និងបាញ់ថ្នាំ ជាពិសេសជាងនេះ​ទៀតនោះ គឺទទួលបានឱកាសក្នុងការស្វែងយល់ និងទទួលបានការបំផុស​គំនិត​នៃការរៀបចំអត្តចរិក និងការធ្វើការបែប «ភាពល្អឥតខ្ចោះ» របស់​ជប៉ុន ។ រីឯខាងក្រុមហ៊ុនវិញ ក៏នឹងទទួលបាននូវកម្លាំងពលកម្មវ័យក្មេង​ដែលមានសក្តានុពលខ្ពស់ មានជំនាញពិតប្រាកដ និងសមត្ថភាពពេញ​លេញ ដើម្បីបំពេញការងារនៅក្នុងក្រុមហ៊ុន នៅឯប្រទេសជប៉ុនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា អនុស្សរណៈនៃការយោគយល់​គ្នានេះ គឺបានជួយរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយជ្រោមជ្រែង លើកកម្ពស់កម្មវិធី TVET ១,៥លាននាក់ តាមរយៈការចូលរួមបណ្តុះ​បណ្តាល ការបង្កើតកម្មវិធីសិក្សា ការផ្តល់សម្ភារៈ និងឧបករណ៍ចាំបាច់​សម្រាប់ការបណ្តុះបណ្តាល ការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ​ក្នុងការបញ្ជូនអ្នកជំនាញតោន និងបាញ់ថ្នាំ ជូនដល់វិទ្យាស្ថានបច្ចេក​ទេសឧស្សាហកម្ម (ITI) ដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរយៈកិច្ចសហការនេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មិនត្រឹម​តែ​ទទួលបានឧបករណ៍បណ្តុះបណ្តាលកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍកម្មវិធីសិក្សាដ៏រឹងមាំ ដែលត្រូវ​បាន​រចនា​ឡើងស្របតាមស្តង់ដាឧត្តមភាពរបស់ប្រទេសជប៉ុន។ កិច្ចខិត​ខំ​ប្រឹងប្រែងទាំងនេះ នឹងរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់ជំនាញ​របស់​សិក្ខាកាមរបស់យើង ដោយរៀបចំពួកគេសម្រាប់ទីផ្សារការងារ​ទាំង​ក្នុងនិងក្រៅប្រទេស ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner