សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សិល្បករ​ សិល្បការិនី​ និងកីឡាករ​ កីឡាការិនីទាំងអស់​ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លិបកីឡា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ចែធ្នូ ឆ្នាំ២០២៤។

សម្តេចធិបតី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល​សូមថ្លែងអំណរគុណដល់សិល្បករ​ សិល្បការិនី​ និងកីឡាករ​ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ​ តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន​ ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនកន្លងទៅ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា សិល្បករ​ និងកីឡាករ​ មិនត្រឹមតែបានចូលរួមថែរក្សា​ និងលើកកម្ពស់វប្បធម៌​ ប្រពៃណី​ដ៏ល្អផូរផង់របស់ខ្មែរទេ​ ថែមទាំងចូលរួមដោយទឹកចិត្តជាមួយរាជរដ្ឋាភិបាល​ គឺជាទឹកចិត្តដ៏ល្អប្រពៃក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ​ និងចែករំលែកក្តីស្រឡាញ់របស់ខ្លួន​ រួមជាមួយនឹងការអភិវឌ្ឍ​ និងកសាងផ្លូវនៅតាមបណ្តោយព្រំដែន​ ដែលបង្កើតបានការរីកចម្រើនថ្មីបន្ថែមផង​ និងក្លាយជាខឿនការពារជាតិដ៏រឹងមាំយូរអង្វែងផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner