នាយករដ្ឋមន្ត្រី អរគុណអ្នកសិល្បៈ និងក្រុមកីឡាទាំងអស់ ដែលរួមចំណែក កសាងខឿនការពារជាតិ
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអរគុណ ចំពោះអ្នកសិល្បៈ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានរួមចំណែក កសាងខឿនការពារជាតិ តាមរយៈមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាស អនុញាតិឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងនាមរាជរដ្ឋាភិបាលសម្ដេចធិបតី សូមថ្លែងអំណរគុណ ដល់សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការកសាងខឿនការពារជាតិ តាមរយ:មូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន កន្លងទៅ ។
សិល្បករ និងកីឡាករ មិនត្រឹមតែបានចូលរួមថែរក្សា និងលេីកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរទេ តែការចូលរួមដោយទឹកចិត្ត ជាមួយរាជរដ្ឋាភិបាល គឺជាទឹកចិត្តដ៏ល្អប្រពៃ ក្នុងការលេីកកម្ពស់ស្មារតីស្នេហាជាតិ និងចែករំលែកក្តីស្រលាញ់របស់ខ្លួន រួមជាមួយនឹងការអភិវឌ្ឍ និងកសាងផ្លូវ នៅតាមបណ្តោយព្រំដែន ដែលបង្កេីតបាន ការរីកចំម្រេីនថ្មីបន្ថែមផង និងក្លាយជាខឿនការពារជាតិរឹងមាំយូរអង្វែងផងដែរ ។
សូមរំលឹកថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។ រយៈពេលប្រមាណ ៦៦ថ្ងៃ មូលនិធិនេះ ទទួលបានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋសរុបជាង ៧២ម៉ឺន អង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក។ ថវិកាមូលនិធិនេះ នឹងប្រើប្រាស់ សម្រាប់ការកសាងផ្លូវក្រវាត់ព្រំដែន ប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨.៤ភាគរយ នៃផ្លូវខ្សែក្រវាត់ព្រំដែន ដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ ។
បើតាមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម និងជាអនុប្រធាន ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាង ផ្លូវក្រវាត់ព្រំដែន បានបញ្ជាក់ឱ្យដឹងថា លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាងសង់សិល្បការ្យដូចជា ស្ពាន និងប្រព័ន្ធលូជាដើម សរុប ៥៦៦កន្លែង។ ការសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រនេះ បានចាប់ផ្តើមការដ្ឋានជាផ្លូវការ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ ។
សូមបញ្ជាក់ដែរថា ការកសាងផ្លូវក្រវាត់ព្រំដែន ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ ហើយបានអនុវត្តន៍ ចាប់ពីឆ្នាំ១៩៩៤មកម្ល៉េះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ ការសាងសង់ផ្លូវ ខ្សែក្រវាត់ព្រំដែនសម្រេចបានប្រវែង ២,៦១៥គីឡូម៉ែត្រ ស្មើនឹង ៤៨.១០ភាគរយ និងបោសសំអាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះជិត៣ម៉ឺនហិកតា ។ ផ្លូវក្រវាត់ព្រំដែន ដែលមិនទាន់បាន សាងសង់នៅសល់ប្រមាណជា ៥១.៩០ភាគរយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ












