រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារបូរណភាពទឹកដី និង អធិបតេយ្យភាពមិនឱ្យបាត់បង់
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារបូរណភាពទឹកដី និងអធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាស អនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។
សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេស ផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រមួយដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍ តំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរ គ្រប់ជំនាន់ បានធ្វើដំណើរដល់ព្រំដែន ដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន ។
រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពារបូរណភាពទឹកដី និង អធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដាក់ទិសដៅ ដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែន នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស និយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាន និយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលេីវិស័យកសិ-ឧស្សាហកម្ម ។
សម្ដេចនាយករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្ត ឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុនឱ្យបានច្រេីនបន្ថែមទៀត នៅតំបន់ទាំងនោះ។ សម្ដេច បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងដាក់ចេញ គោលនយោយបាយ និងកញ្ចប់លើកទឹកចិត្ត ដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេស ការវិនិយោគលេីវិស័យកសិ-ឧស្សាហកម្ម ។
សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ តាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន តាមផែនការ ដែលបានគ្រោងទុក ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ













