វៀតណាមបានចំណូល៣ពាន់លានដុល្លារពីការនាំចេញទុរេន ក្នុងរយៈពេល១១ខែ
ហាណូយ៖ ទិន្នន័យគយបានបង្ហាញថា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ការនាំចេញផ្លែទុរេនវៀតណាមបានកើនឡើង ៤៤% មានតម្លៃសរុប ៣,១ពាន់លានដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់កាសែត VNexpress នៅថ្ងៃពុធនេះ។
VNexpress បានឲ្យដឹងទៀតថា ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុត ដែលគ្របដណ្តប់តម្លៃ ២.៨ពាន់លានដុល្លារ ឬ ស្មើនឹង៩០% នៃការនាំចេញទុរេនទាំងអស់ ហើយមានកំណើន ៤៣% ធៀបនឹងរយៈពេល១១ខែដូចគ្នា កាលពីឆ្នាំ២០២៣។ បន្ទាប់ពីចិន ប្រទេសថៃ គឺអ្នកទិញទុរេនវៀតណាម លំដាប់លេខ២, បន្ទាប់មក មាន ហុងកុង, ជប៉ុន ដែលសុទ្ធតែមានកំណើន នៃការបញ្ជាទិញទុរេនវៀតណាម។
សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានឲ្យដឹងថា ការនាំចេញទុរេន ត្រូវបានគេរំពឹងថា នឹងកើនឡើង បន្ថែមទៀត នៅឆ្នាំក្រោយ ខណៈដែលវៀតណាម ចាប់ផ្ដើមនាំចេញផលិតផលកែច្នៃពីផ្លែទុរេន បន្ថែមទៀត ទៅប្រទេសចិន។ ផលិតផល ដែលមានទាំងដំណាប់ទុរេន ប្រភេទនេះ នឹងនាំមកនូវតម្លៃច្រើន ជាងផ្លែធុរេនស្រស់ ហើយក៏ជួយកសិករដាំដុះ ស្របតាមស្តង់ដារគុណភាព បន្ថែមទៀត។
ប្រទេសវៀតណាមមានផ្ទៃដីប្រហែល ១៥៤,០០០ហិកតា សម្រាប់ដាំដុះផ្លែធុរេន ហើយទទួលបានផលទុរេន១,២ លានតោន ក្នុងមួយឆ្នាំៗ នេះបើតាម VNexpress ដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត