ឥណ្ឌូនេស៊ីរម្លឹកខួប២០ឆ្នាំ នៃរលកយក្សស៊ូណាមិ
បរទេស ៖ សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើង ខណៈដែលអ្នកនៅរស់រានមានជីវិត នៅឥណ្ឌូនេស៊ី និងសាច់ញាតិជនរងគ្រោះបានចាប់ផ្តើមពិធីបុណ្យរំលឹក ដល់មនុស្សជាង ២២ម៉ឺននាក់ ដែលត្រូវបានសម្លាប់ នៅពេលដែលរលកយក្សស៊ូណាមិ វាយប្រហារប្រទេសនានា ជុំវិញមហាសមុទ្រឥណ្ឌា កាលពី២០ឆ្នាំមុន។
នៅក្នុងទីក្រុង Banda Aceh របស់ប្រទេសឥណ្ឌូនេស៊ី ពិធីផ្លូវការមួយត្រូវបានរៀបចំឡើង នៅឯវិហារឥស្លាម Baiturrahman Grand ជាមួយនឹងសំឡេងស៊ីរ៉ែន រយៈពេល៣នាទី រម្លឹកពីការរញ្ជួយដីដ៏ធំមួយដែលបានបណ្តាលឱ្យមានរលកយក្ស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤។
គួររម្លឹកថា ការរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ នៅភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី បានបង្កជារលកធំៗ ជាបន្តបន្ទាប់ ដែលបានវាយលុកឆ្នេរសមុទ្រ នៃប្រទេសជាច្រើន រាប់ចាប់ពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ ប្រទេសសូម៉ាលី។
ប្រទេសឥណ្ឌូណេស៊ី មានអ្នកស្លាប់ច្រើនបំផុត ពោលគឺជាង ១៦ម៉ឺននាក់ នៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងលិចរបស់ខ្លួន ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀត ក៏បានស្លាប់ នៅក្នុងប្រទេសស្រីលង្កា ឥណ្ឌា និងប្រទេសថៃ ផងដែរ៕





ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត