ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា “ក្រសួង ស្ថាប័នទាំងអស់មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលទាមទារឱ្យមានការរៀបចំផែនការ សកម្មភាពជាក់លាក់ក្នុងការអនុវត្ត ក្នុងនោះផែនការសកម្មភាពដែលពាក់ព័ន្ធការកែទម្រង់ស្ថាប័នគឺ ៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។”

“ផ្អែកលើចក្ខុវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិង រចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាកិច្ចការមួយដ៏សំខាន់ ហើយមិនមែនជាយន្តការលុបបំបាត់ រចនាសម្ព័ន្ធ និងផលប្រយោជន៍មន្ត្រីរាជការទេ ប៉ុន្តែជាការសម្រួចការអនុវត្តការងារឱ្យចំគោលដៅ អាទិភាពនៃមុខងាររបស់ក្រសួងស្ថាប័នឱ្យស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងផ្អែកលើ អភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ និងពង្រឹង ជាជាងពង្រីក»។”

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា “ដើម្បីឆ្លើយតបនឹងកិច្ចការដ៏សំខាន់នេះ ជាវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់គ្រប់អង្គភាពក្រោមឱវាទ ព្រមទាំងបានរៀបចំរបាយការណ៍ផ្តល់ជូន ក្រសួងមុខងារសាធារណៈ រួចរាល់។

ឯកឧត្តមបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមការងារ ក្រសួងបាននឹងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មីស្តីពីការរៀបចំ និងប្រព្រឹត្តិទៅរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដាក់ជូនក្រសួងមុខងារសាធារណៈធ្វើការ ពិនិត្យ និងពិភាក្សា នាពេលខាងមុខ។”

សូមជម្រាបថា សិក្ខាសាលានេះ ជាការបន្តជួបជាមួយក្រសួងស្ថាប័ន ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner